ព័ត៌មានទាន់ហេតុការណ៍៖

ចិនកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចចរចាសន្តិភាពរវាងអ៉ីស្រាអែលនឹងប៉ាឡេស្ទីន

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣បានផ្សាយថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រាប់សមភាគីប៉ាឡេស្ទីនរបស់លោកថា ចិនមានឆន្ទៈក្នុងការដើរតួនាទីប្រកបដោយភាពវិជ្ជមានដើម្បីជួយដល់ប៉ាឡេស្ទីនផ្សះផ្សាផ្ទៃក្នុង និងលើកកម្ពស់កិច្ចចរចាសន្តិភាពជាមួយអ៉ីស្រាអែល។
លោក ស៊ី ជិនពីង ធ្វើការកត់សម្គាល់ខាងលើនៅក្នុងជំនួបជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាសមូត អាប់បាស់ (Mahmud Abbas) ដែលបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃពុធសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក ស៊ី ជិនពីង បានគូសបញ្ជាក់បន្ថែមដូច្នេះថា «ដំណោះស្រាយជាមូលដ្ឋានសម្រាប់បញ្ហាប៉ាឡេស្ទីននោះគឺមានជាប់ពាក់ព័ន្ធនឹងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ដោយផ្អែកលើព្រំដែនឆ្នាំ១៩៦៧ និងមានទីក្រុងហ្ស៊េរុយសាឡឹមខាងកើតជា
រដ្ឋធានីរបស់ខ្លួន»។ លោក ស៊ី ជិនពីង ក៏បានសង្កត់ធ្ងន់ដែរថា ចិនគាំទ្រយ៉ាងពេញទំហឹងចំពោះបុព្វហេតុរបស់ប្រជាជនប៉ាឡេស្ទីន ដើម្បីទទួលបានមកវិញនូវសិទ្ធិស្របច្បាប់របស់ខ្លួន។
ប៉ាឡេស្ទីនមានបំណងបង្កើតរដ្ឋ ក្នុងតំបន់ វែសប៊ែង (West Bank), ហ្កាហ្សា (Gaza) និងទីក្រុងហ្ស៊េរុយសាឡិមខាងកើត (East Jerusalem) ដែលទឹកដីទាំងនេះធ្លាប់ត្រូវបានកាន់កាប់ដោយអ៉ីស្រាអែលក្នុងសង្រ្គាមនៅឆ្នាំ១៩៦៧។ អ៉ីស្រាអែលបានដកកងទ័ពចេញពីតំបន់ហ្កាហ្សាក្នុងឆ្នាំ២០០៥ ប៉ុន្តែ បច្ចុប្បន្នអ៉ីសា្រអែលនៅតែបន្តធ្វើអាណានិគមក្នុងតំបន់ West Bank និងចាត់ទុកហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់ខ្លួន។ កិច្ចចរចាសន្តិភាពរវាងអ៉ីស្រាអែល នឹងប៉ាឡេស្ទីន ក្រោមការសម្របសម្រួលដោយសហរដ្ឋអាមេរិកបានដួលរលំកាលពីឆ្នាំ២០១៤ ហើយសព្វថ្ងៃក៏មិនមានពន្លឺសម្រាប់ការដំណើរការកិច្ចចរចានេះឡើងវិញនោះដែរ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ AFP


ចែករំលែក៖