ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំឱ្យស្តាប់តាមការញុះញង់របស់អ្នកនៅខាងក្រៅប្រទេស ពិសេសគឺជនក្បត់ជាតិ៣ជំនាន់ ដែលចង់រារាំងនិងបំផ្លាញការបោះឆ្នោត។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខកម្មករ កម្មការិនី នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់ដែលនៅក្នុងស្រុកសុំប្រយ័ត្នដើម្បីកុំឱ្យចាញ់បោកការញុះញង់របស់ជនក្បត់ជាតិ៣ជំនាន់ដែលអាចនាំឱ្យខ្លួនឯងជាប់គុក។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្រោយការបោះឆ្នោត សម្ដេចនឹងបន្តចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី នៅតាមបណ្ដារោចក្រជាបន្តទៀត ខណៈក្នុងដំណាក់កាលយុទ្ធនាការឃោសនាបោះឆ្នោតសម្ដេចនឹងផ្អាកសកម្មភាពនានាមួយរយៈសិន កុំឲ្យគេរិះគន់ និងផាកពិន័យ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនដែលសន្យាខ្យល់ ដូចគណបក្សនយោបាយមួយចំនួននោះទេ។ គណបក្សប្រជាជនកម្ពុជាដឹកនាំរាជរដ្ឋាភិបាលមានគោលដៅជាក់លាក់ឆ្ពោះទៅមុខ ទោះបីជាជំហានគីង្គក់តែទៅមុខជានិច្ច។ ប៉ុន្ដែបើដូចជំហានយក្សដូចជំហានយក្សរបស់ប៉ុលពល គឺមិនអាចទៅរួចទេ។ គណបក្សប្រជាជនកម្ពុជា ធ្វើសន្សឹមៗទៅតាមដែលធ្វើទៅរួច ប៉ុន្ដែបើងាកទៅក្រោយវិញកម្ពុជាមានការផ្លាស់ប្ដូរច្រើនណាស់។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ថ្ងៃក្រោយកម្ពុជាអាចក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី ពីព្រោះកម្ពុជាអំណោយផលក្នុងការដាំដុះស្វាយចន្ទី ហើយស្វាយចន្ទីគឺមានតម្រូវការខ្ពស់នៅលើទីផ្សារអន្តរជាតិ ខណៈកាលពីឆ្នាំ២០២២ កម្ពុជាប្រមូលផលស្វាយចន្ទីបាន ១១៨០០០០ តោន។
សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្ន រាជរដ្ឋាភិបាលបានធ្វើប្រតិភូកម្មទៅថ្នាក់មូលដ្ឋានអាចមានសិទ្ធិធ្វើការវិយោគ ក្នុងដើមទុនរហូតទៅដល់ ៥លានដុល្លារ ដែលកត្តានេះ ជាផ្នែកមួយក្នុងការទាក់ទាញវិនិយោគលើវិស័យកសិកម្មរបស់កម្ពុជាទៅដល់ប្រជាពលរដ្ឋដោយផ្ទាល់នៅថ្នាក់មូលដ្ឋាន៕
ដោយ ៖ សិលា