ភ្នំពេញ៖ ក្រសួងទេសចរណ៍បានលើកឡើងនៅថ្ងៃទី ១៦ មិថុនា ២០២៣នេះថា បន្ទាប់ពីកើតមានករណីប្រទេសមួយចំនួនមិនព្រមទទួលសង្គ្រោះភ្ញៀវទេសចរលើនាវាទេសចរណ៍ MS WESTERDAM ដែលជាប់នៅលើមហាសាគរកាលពីអំឡុងឆ្នាំ២០២០ អង្គការទេសចរណ៍ពិភពលោក (UNWTO) ក៏បានសម្រេចរៀបចំបង្កើតនិងអនុម័ត «ក្រមអន្តរជាតិស្ដីពីការការពារទេសចរ ឬ International Code for Protection of Tourists» ដើម្បីឱ្យប្រទេសជាសមាជិកបង្កើនទំនុកចិត្តចំពោះភ្ញៀវទេសចរ។
នៅក្នុងកិច្ចប្រជុំរួមនៃគណៈកម្មការតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីខាងត្បូង នៃអង្គការទេសចរណ៍ពិភពលោកលើកទី៣៥ អង្គការពិភពលោកនេះបានប្រកាសអនុម័តលើក្រមអន្តរជាតិស្ដីពីការការពារទេសចរជាធរមាន ក្នុងនោះលោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី (Zurab Pololikashivili) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក បានបញ្ជាក់ថា ការរៀបចំបង្កើតនិងអនុម័តក្រមអន្តរជាតិស្ដីពីការការពារទេសចរនេះ គឺមានគោលបំណងដើម្បីបង្កើនទំនុកចិត្តចំពោះភ្ញៀវទេសចរ និងជំរុញការធ្វើដំណើររបស់ទេសចរនៅទូទាំងពិភពលោក។
កម្ពុជាជាប្រទេសទី១ដែលបានចុះហត្ថលេខាទទួល ស្គាល់ និងអនុវត្តក្រមអន្តរជាតិស្ដីពីការការពារទេសចរមួយនេះ បន្ទាប់មកក៏មានប្រទេសជាសមាជិកបន្ត បន្ទាប់។ ការចុះហត្ថលេខាទទួលស្គាល់នេះត្រូវបានធ្វើ ឡើងក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ពីការគាំទ្រគំនិតផ្តួចផ្តើមរបស់អង្គការទេសចរណ៍ពិភពលោកក្នុងការរៀបចំ និងអនុវត្តក្រមអន្តរជាតិស្ដីពីការការពារទេសចរ ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតជូនឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ ចុះហត្ថលេខាទទួលស្គាល់ និងគាំទ្រក្រមអន្តរជាតិនេះក្នុងនាមជាប្រទេសដំបូងគេបង្អស់។
ពាក់ព័ន្ធនឹងការការពារទេសចរនេះដែរអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យនាវាទេសចរណ៍ MS WESTERDAM ចូលចតនៅក្រុងព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីជួយសង្គ្រោះអាយុជីវិតទេសចរអន្តរជាតិប្រមាណ២០០០នាក់។
ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តីលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះលោកហ្សូរ៉ាបប៉ូឡូលីកាស្វីលី (ZurabPololikashivili) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ដែលបានធ្វើលិខិតគាំទ្រ និងកោតសរសើរកម្ពុជាចំពោះករណីនាវាទេសចរណ៍ MS WESTERDAM ដែលធ្វើឱ្យបណ្តាប្រទេសជុំវិញពិភពលោកកាន់តែស្គាល់ និងចាត់ទុកកម្ពុជាជា «ប្រទេសតូច ប៉ុន្តែមានចិត្តទូលាយ»។
លោក ជុក ជំនោរ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងសហប្រតិបត្តិការ អន្តរជាតិ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ការរៀបចំក្រមអន្តរជាតិនេះ គឺផ្តើមចេញពីការវាយតម្លៃខ្ពស់របស់អង្គការទេសចរណ៍ពិភពលោក និងប្រទេសសមាជិកចំពោះប្រសិទ្ធភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋា ភិបាលកម្ពុជា ក្នុងការដោះស្រាយវិបត្តិជំងឺកូវីដ-១៩ នាពេលកន្លងមក ពិសេសគឺកាលដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាបានអនុញ្ញាតឱ្យនាវាទេស ចរណ៍ MS WESTERDAM ចូលចតនៅក្រុងព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីជួយសង្គ្រោះអាយុជីវិតទេសចរអន្តរជាតិប្រមាណ ២០០០នាក់ ដែលនៅជាប់គាំងនៅលើនាវាកណ្តាលផ្ទៃសមុទ្រ៕
ដោយ៖ សូរិយា