ខេត្តកំពង់ចាម ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា ពិភពលោកទទួលរងនូវគំរាមកំហែងអាយុជីវិតពីជំងឺកូវីដ-១៩ ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងថែមទាំងបានខិតខំកសាងរោងចក្រផលិតកម្មនានា នៅទូទាំងប្រទេស ហើយត្រូវបានរក្សាទុកដោយគ្មានការប្រែប្រួលបន្ថែមទៅដោយស្ថានភាពកាន់តែល្អប្រសើរឡើង។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជិ ត២ម៉ឺននាក់មកពីរោងចក្រសហគ្រាសចំនួន៦ នៅក្នុងរោងចក្រ ឡឺក្រោន ស៊ូ អ៊ិនដាសស្ទ្រី ( LECROWN SHOES INDUSTRY ) ស្ថិតក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ពិតបានឃើញជាក់ស្តែងហើយ នៅក្នុងមួយអណត្តិដែលមានរយៈពេល ៥ឆ្នាំកន្លងទៅនេះ គឺជារយៈ ពេលដ៏លំបាកមួយសម្រាប់ជាតិកម្ពុជា នៅត្រង់ថាជំងឺកូវីដ-១៩ បានយាយីដល់អាយុជីវិត ហើយពេលនោះ គឺមានការកង្វល់យ៉ាងធំ ចំពោះកម្មករកម្មការិនីនៅតាមបណ្តារោងចក្រទាំងអស់ក្នុងប្រទេសកម្ពុជា។ ប៉ុន្តែកម្មករកម្មការិនី មានភ័ព្វសំណាងមួយ គឺរស់នៅក្នុងប្រទេសមានស្ថិរភាពនយោបាយ និងសុខសន្តិភាពពេញលេញ។
ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា : កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៨៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤២,៩៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨២,៨៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៥៧%។
សូមបញ្ជាក់ថា : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបន្តអំពាវនាវដល់បងប្អូនកម្មករ-កម្មការិនី រួមទំាងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវបន្តរួមគ្នាថែរក្សានូវសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះឲ្យខាងតែបាន ខណៈសន្តិភាពនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ផ្តល់ឱកាសឱ្យកម្ពុជាយើងទាក់ទាញវិនិយោគពីបរទេសដើម្បីមកផលិតនៅក្នុងស្រុកបម្រើការនាំចេញទៅក្រៅប្រទេស ដូច្នេះបងប្អូនទាំងអស់ត្រូវរក្សាសន្តិភាពនេះឲ្យបានមិនថា កាលៈទេសៈណានោះទេ។
នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីនោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសរំលឹកដល់បងប្អូនកម្មក-កម្មការិនីរួមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំធ្លោយ និងលង់លក់នឹងការសន្យាខ្យល់របស់អ្នកណា ឬគណបក្សណាឲ្យសោះគប្បីត្រូវមើលឃើញតថភាពជាក់ស្តែងដែលកំពុងមានបច្ចុប្បន្ននេះ។
សម្តេច បានបន្តថា រាជរដ្ឋាភិបាលបានកំពុងធ្វើការទាក់ទាញអ្នកវិនិយោគិនបរទេសឲ្យមកដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែម ដើម្បីផ្តល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានកាន់តែច្រើន ហើយការដែលបរទេសគេសម្រេចមករកស៊ីនៅប្រទេសយើងក៏ដោយសារតែកម្ពុជា យើងមានសុខសន្តិភាព និងស្ថិរភាពនយោបាយនេះដែរ៕
ដោយ ៖ សិលា