ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជាជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល តំណាង៨ខេត្ត

ចែករំលែក៖

ខេត្តកំពង់ចាម  ៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជាជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល តំណាងឱ្យមន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង ក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ដែលបានរួមចំណែកប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្រោមការដឹកនាំផ្ទាល់ដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះរៀបចំនៅសាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ដែលមានការអញ្ជើញចូលរួមពី  លោកស្រីវេជ្ជ. យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងលោកថ្នាក់ដឹកនាំក្រសួងសុខាភិបាល ព្រមទាំង លោក  លោកស្រីអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង ក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ព្រមទាំង លោក លោកស្រី មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល។

សូមបញ្ជាក់ថា, ក្រសួងសុខាភិបាលបានបញ្ជាក់អំពី កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៨៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤២,៩៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨២,៨៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៥,៥៧%៕

ដោយ ៖ សិលា


ចែករំលែក៖