ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក

ចែករំលែក៖

ភ្នំពេញ ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ស៊ូរ៉ាប់ ប៉ូឡូ លីកាស់ វីលី (Zurab polo likashvili ) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក។ 

លោក ស៊ូរ៉ាប់ បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីលទ្ធផលនៃកិច្ចប្រជុំលើកទី៣៥ នៃគណៈកម្មការតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីខាងត្បូង នៃអង្គការទេសចរណ៍ពិភពលោក ដែលទទួលបានជោគជ័យ ក្នុងការសម្រេចបាននូវក្រមការពារទេសចរណ៍ ។

លោក ស៊ូរ៉ាប់ ក៏បានសំដែងនូវការគោរពជូនចំពោះសម្ដេចតេជោ ដែលមានទស្សនៈវែងឆ្ងាយសម្រាប់វិស័យទេសចរណ៍ និងមានការប្ដេជ្ញាចិត្តខ្ពស់សម្រាប់វិស័យទេសចរណ៍ ជាអាទិ៍៖ ការគាំទ្រក្រុមការពារទេសចរណ៍ និងជាពិសេស ការជួយអ្នកទេសចរណ៍ដែលជាប់នៅលើកប៉ាល់ Westerdam អនុញ្ញាតឲ្យកប៉ាល់បានចុះចតនៅកម្ពុជា ក្នុងពេលដែលប្រទេសដទៃ មិនឲ្យចូលចត ដែលខ្លាចការឆ្លងជំងឺកូវីដ-១៩ ។

លោក ក៏បានសំដែងនូវការអបអរសាទរជូនដល់សម្ដេចតេជោផងដែរ ចំពោះការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឆ្នាំ២០២២ បានយ៉ាងជោគជ័យ និងថ្មីៗនេះ បានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម , អាស៊ានប៉ារ៉ាហ្គេម បានជោគជ័យយ៉ាងត្រចះត្រចង់ ដែលទាំងនេះសុទ្ធតែមានការតភ្ជាប់ជាមួយវិស័យទេសចរណ៍ដោយផ្ទាល់ផង និងដោយប្រយោជន៍ផង ។

ឯកឧត្តម អគ្គលេខាធិការ ក៏បានជម្រាបសម្ដេចតេជោថា អង្គការទេសចរណ៍ពិភពលោក និងបន្តគាំទ្រកម្ពុជា ដើម្បីលើកស្ទួយវិស័យទេសចរណ៍របស់កម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្រមការពារទេសចរណ៍ មានសារៈសំខាន់ណាស់សម្រាប់ផ្ដល់ការការពារ ជំនឿទុកចិត្តដល់ទេសចរណ៍មកកាន់កម្ពុជា។ លើសពីនោះទៅទៀត កម្ពុជា បានអភិវឌ្ឍន៍វិស័យសុខាភិបាល ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ ធ្វើយ៉ាងណាឲ្យទេសចរណ៍មកកម្ពុជា ធានាបានទាំងសុខសុវត្ថិភាពផង ទាំងសុខភាពល្អផង ។

ចំពោះកប៉ាល់ Westerdam , សម្ដេចតេជោ បានមានប្រសាសន៍ថា ជាការងារមនុស្សធម៌ និងជាការទទួលខុសត្រូវ ជួយដល់ជីវិតមនុស្សនៅពេលនោះ ខណៈដែលមិនមានប្រទេសណាអនុញ្ញាតឲ្យកប៉ាល់ចូលចតទេ។ ប្រសិនបើកម្ពុជា មិនអនុញ្ញាតឲ្យចូលចតទេនោះ ជីវិតមនុស្សនៅលើកប៉ាល់នោះ គឺនឹងអាណោចអាធម្មខ្លាំងណាស់ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អង្គការទេសចរណ៍ពិភពលោក ដែលមានជំនឿលើកម្ពុជា មកប្រជុំនៅកម្ពុជា កសាងនូវភាពជោគជ័យថ្មីមួយទៀត សម្រាប់វិស័យទេសចរណ៍ ហើយក្រុមការពារទេសចរណ៍នេះ គួរមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងអនុវត្តឱ្យបានល្អ៕

ដោយ ៖ សិលា


ចែករំលែក៖