ព័ត៌មានទាន់ហេតុការណ៍៖

ចំណាយពេល៣ឆ្នាំប្រែក្លាយភូមិដ្ឋានមួយដែលក្រីក្រជាងគេនៅក្នុងស្រុកបន្ទាយស្រី ឱ្យទៅជាសហគមន៍ដ៏រស់រវើក និងចាប់ផ្តើមមានលទ្ធភាពអាចម្ចាស់ការដើរបន្តដោយខ្លួនឯងបាន

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រោយពីបានចំណាយពេលអស់ ៣ឆ្នាំ ជាមួយនឹងថវិកាជិត២០ម៉ីនដុល្លារ ទីបំផុតគម្រោង «លើកកម្ពស់សហគមន៍ដើម្បីភាពរឹងមាំ»នៅក្នុងភូមិពើងឆ័ត្របានមកដល់ទីបញ្ចប់ប្រកបដោយសមិទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ប្រែក្លាយភូមិដ្ឋានមួយដែលក្រីក្រជាងគេនៅក្នុងស្រុកបន្ទាយស្រីនេះ ឱ្យទៅជាសហគមន៍ដ៏រស់រវើក និងចាប់ផ្តើមមានលទ្ធភាពអាចម្ចាស់ការដើរបន្តដោយខ្លួនឯងបាន។

កាលពី២០២០ រដ្ឋបាលស្រុកបន្ទាយស្រីបានសហការជាមួយអង្គការលំនៅឋានមនុស្សជាតិកម្ពុជា ជ្រើសរើសយកភូមិពើងឆ័ត្រដើម្បីអនុវត្តសាកល្បងគម្រោង” លើក កម្ពស់សហគមន៍ដើម្បីភាពរឹងមាំ” ដែលជាទម្រង់ថ្មីមួយនិងជាលើកដំបូងក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងកែប្រែស្ថានភាពនៅក្នុងសហគមន៍ទាំងមូល ផ្តល់ភាពរឹង មាំនិងលំនឹងជីវិត ព្រមទាំងអាចអភិវឌ្ឍបន្តក្រោយពេលគម្រោងត្រូវបានបញ្ចប់។

ប្រជាពលរដ្ឋភូមិពើងឆ័ត្របានប្តូរពីទម្លាប់រស់នៅដាច់ដោយឡែកៗពីគ្នា មកជារបៀបរស់នៅជាសហគមន៍ មានរចនាសម្ព័ន្ធគ្រប់គ្រង មានថវិកាសន្សំរបស់ខ្លួនពីការ រស់នៅបណ្តែតបណ្តោយតាមយថាកម្ម មកធ្វើជាម្ចាស់នៅលើបញ្ហាប្រឈមនៅក្នុងសហគមន៍របស់ខ្លួនពីរុក ចូលព្រៃធ្វើចំណាកស្រុកដើម្បីចិញ្ចឹមក្រពះ មកជាអ្នកដាំបន្លែ ចិញ្ចឹមមាន់ ចិញ្ចឹមឃ្មុំដើម្បីផ្គត់ផ្គង់ជីវភាពវិញ ពីផ្ទះ សម្បែងមិនសូវមានរបៀបរៀបរយនិងជួនកាលគ្មានសូម្បីតែបង្គន់អនាម័យប្រើប្រាស់ មកជាមានលំនៅឋានសមរម្យថ្លៃថ្នូរអាចរស់នៅបានសឹងតែគ្រប់ៗគ្នាពីគ្មានទឹក បរិភោគប្រើប្រាស់នៅរៀងរាល់រដូវប្រាំង មកជាមានបណ្តាញទឹកស្អាតរបស់សហគមន៍បំបែករត់មកដល់ផ្ទះរៀងៗខ្លួន ពីសម្លេងគាំទ្រការដឹកនាំរបស់អាជ្ញាធរមូលដ្ឋានត្រឹមតែជាង៣០%កាលពី៥ឆ្នាំមុន មកជាតំបន់ដែលផ្តល់ការគាំទ្រដល់មេភូមិរបស់ខ្លួនដល់ទៅជិត ៩០% នេះបើយោងតាមលទ្ធផលបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ២០២២។

ក្នុងនាមជាអតីតអភិបាលស្រុកដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងការអនុវត្តគម្រោងលើកស្ទួយជីវភាពមួយនេះ ខ្ញុំពិតជាសប្បាយចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលលើសពីការរំពឹងទុកបែបនេះ ហើយពិតជារំភើបដែលត្រូវបានផ្តល់កិត្តិយសអញ្ជើញឱ្យត្រឡប់មកចូលរួមជាអធិបតីនៅក្នុងពិធីបិទជាផ្លូវការនៃគម្រោង។ តែអ្វីដែលគួរឱ្យរំភើបបំផុតនោះគឺការរំភើបចិត្តទៅនឹងការចេះសាមគ្គីគ្នា ការលះបង់ចូលរួមថវិកាដើម្បីប្រយោជន៍រួម និងការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមរួមនៅក្នុងសហគមន៍។ សង្ឃឹមថាវប្បធម៌បែបនេះនឹងនៅតែបន្តឋិតឋេរយូរអង្វែងតទៅមុខទៀត ទោះបីជាគម្រោងត្រូវបានបញ្ចប់ហើយក៏ដោយ៕

ដោយ៖ សូរិយា


ចែករំលែក៖