ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់ឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការខេត្តរតនគិរី ដើម្បីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ដំណើរការឡើងវិញ !

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រាប់ឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ធ្វើការជាមួយតុលាការខេត្តរតនគិរី លើកលែងការចោទប្រកាន់ និងផ្តល់សិទ្ធឲ្យសមាគមនេះបានបន្តធ្វើសកម្មភាពឡើងវិញឲ្យបានឆាប់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានអនុញ្ញាតឱ្យ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងសហការី ចូលជួបដោយផ្ទាល់នៅគេហដ្ឋានរបស់សម្តេចនាល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ម្សិលមុិញ។

លោក ថេង សាវឿន បានរៀបរាប់ប្រាប់ពីសកម្មភាពដែលសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាបានធ្វើកន្លងមក ដោយសម្តេចតេជោបានស្តាប់យ៉ាងយកចិត្តទុកដាក់ ហើយសម្តេចក៏បានមើលឃើញផលប្រយយោជន៍ដែលខាងសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាបានធ្វើ។

សម្តេចតេជោ ហ៊ុនសែន បានលើកទឹកចិត្តឲ្យសមាគមបន្តសកម្មភាពដើម្បីផលប្រយោជន៍ប្រជាជន និងឲ្យសមាគមយកចិត្តទុកដាក់លើកិច្ចការពារចំពោះកម្មករក្នុងវិស័យកសិកម្មផងដែរ។

សូមបញ្ជាក់ថា ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC Cambodia) លោក ថេង សាវឿន និងសហការី ២រូបទៀត ត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៣ ក្រោមបទចោទចោទ «រួមគំនិតក្បត់» និង «ការញុះញង់បង្កការវឹកវរក្នុងសង្គម» ដែលសកម្មភាពនេះធ្វើឡើងនៅខេត្តរតនគិរី។

សូមរំលឹកថា : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រលប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ជាក់លើប្រព័ន្ធ Telegram ផ្លូវការ របស់សម្តេច ដោយបញ្ជាក់ថា : ល្ងាចនេះខ្ញុំបានជួបជាមួយ លោក ថេង សាវឿនប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC)និងសហការីរបស់គាត់ដើម្បីស្តាប់នូវរឿង ដែលកើតមានកន្លងមកនិងសកម្មភាព របស់សមាគម។

សម្តេចតេជោ ហ៊ុនសែន បានបន្តថា : យើងពិនិត្យឃើញនូវផលប្រយោជន៍ដែលសមាគមបានធ្វើដូចនេះខ្ញុំបានលើកទឹកចិត្តឲ្យសមាគមបន្តសកម្មភាពដើម្បីផលប្រយោជន៍ប្រជាជនយើងនិងបន្ថែម ឲ្យសមាគមយកចិត្តទុកដាក់លើកិច្ចការពារ ចំពោះកម្មករក្នុងវិស័យកសិកម្មផងដែរ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា : ខ្ញុំក៍បានណែនាំឯកឧត្តមកើត រិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ធ្វើការជាមួយតុលាការខេត្តរតនគីរីលើកលែងការចោទប្រកាន់និងផ្តល់សិទ្ធឲ្យសមាគមនេះបានធ្វើសកម្មភាពឡើងវិញឲ្យបានឆាប់ ៕

ដោយ ៖ សិលា


ចែករំលែក៖