ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនក្មេងទំនើង៤នាក់​ទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្រុមក្មេងទំនើងចំនួន៤នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​កាលពីថ្ងៃទី១៨​ ខែមិថុនា​​​ ឆ្នាំ​២០២៣​។

    សមត្ថកិច្ចប្រាប់ថាៈ ក្មេងទំនើងទាំងនោះត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបុរី​ឃាត់ខ្លួនក្នុងករណីធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តកាលពីវេលាម៉ោង០៩និង៤៦នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច ភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ។​ ការឃាត់ខ្លួននេះអនុវត្តតាមពាក្យបណ្តឹងរបស់ឈ្មោះ ញិប សេងហួរ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ 

     លោកវរសេនីយ៍ត្រី​ ចាន់​ រដ្ឋា​ មេបញ្ជាការមូលដ្ឋានកងរាជអាវុហត្ថស្រុក​ បានឱ្យដឹងថា៖​ ជនសង្ស័យ​ទាំង៤នាក់៖ ១.ឈ្មោះ ឆោម សុធារ៉ុង ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរតាម៉ា ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។  ២.ឈ្មោះ ធី វីរធូន ភេទប្រុស អាយុ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរតាប៊ុន ឃុំចំណោម ស្រុកមង្គលបុរី ។​ ៣.ឈ្មោះ ជួប សុជាតិ ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិចំណោម ឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ៤.ឈ្មោះ យិន សំណាង ហៅក្តី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។​ វត្ថុតាង​រួមមាន ម៉ូតូចំនួន៤គ្រឿង​, កាំបិត​ចំនួ​ន៥ដើម,​ ទូរស័ព្ទចំនួន៣គ្រឿង។ 

    លោកវរសេនីយ៍ត្រី​ ចាន់​ រដ្ឋា​ បានបញ្ជាក់ថា​ តាមការរៀបរាប់របស់ដើមបណ្តឹង​បានឱ្យដឹងថា នៅវេលាម៉ោង២១និង៤៧នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ជនរងគ្រោះកំពុងមើលទូរស័ព្ទជាមួយកូននៅក្នុងផ្ទះក៏បានឮសំឡេងកាប់របស់អ្វីមួយនៅខាងក្រៅផ្ទះរបស់គាត់។ ក្រោយមកប្រពន្ធរបស់គាត់បានរត់មកប្រាប់ថា មានគេមកកាប់ម៉ូតូរបស់ខ្លួនម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1N-2815 ដែលទុកនៅមុខផ្ទះ ពេលនោះគាត់បានទៅមើលក៏ឃើញម៉ូតូត្រូវគេកាប់បំផ្លាញខូចខាតយ៉ាងដំណំ។ ភ្លាមៗនោះគាត់បានហៅកូនជាង ដែលស្នាក់នៅជាមួយគាត់ ចំនួន០៤នាក់មកសួរនាំ ពួកគេបានប្រាប់ថា ពួកគេនាំគ្នាអង្គុយលេងនៅក្រោយផ្ទះ ក្បែរតារាងបាល់(AG Sport) ស្រាប់តែក្រុមក្មេងស្ទាវមួយក្រុមរត់ចេញពីតារាងបាល់ស្ទុះមកកាប់ពួកខ្លួន ពេលនោះពួកខ្លួនបានរត់ចូលពួនក្នុងផ្ទះ ហើយក្រុមក្មេងស្ទាវនោះបានចូលមកកាប់ម៉ូតូរបស់ខ្លួនតែម្ដង។ 

     លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មើស​បានឱ្យដឹងថា​៖ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ  ៕

ដោយ ៖ វណ្ណា

 

 


ចែករំលែក៖