ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលចុះបង្ក្រាបសង្វៀនបញ្ជល់មាន់ អ្នកលេងរត់ទាំងព្រលឹងចុងសក់គ្មានសល់ម្នាក់ឡើយ

ចែករំលែក៖

ខេត្តក្រចេះ ៖ ទីតាំងសង្វៀនបញ្ជល់មាន់មួយកន្លែងត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរីចុះឆ្មក់បង្រ្គាបរឹបអូសបានវត្ថុតាងមួយចំនួនយកទៅរក្សាទុកនិងមួយចំនួនទៀតដុតកម្ទេចចោល។

    ការចុះឆ្មក់បង្ក្រាបសង្វៀនបញ្ជល់មាន់នោះសមត្ថកិច្ចបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចត្រពាំងឫស្សី ភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។

    ក្នុងការចុះបង្ក្រាបនោះកម្លាំងសមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួនយកទៅរក្សាទុកជាបណ្តោះអាសន្ន និងមួយចំនួនទៀតត្រូវដុតកម្ទេចចោលនៅនឹងកន្លែងផងដែរ។

    ប្រភពពីនគរបាលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្រ្គាបទីតាំងបញ្ជល់មាន់នោះ ក្រុមអ្នកលេងល្បែងបញ្ជល់មាន់និង លេងល្បែងអាប៉ោងភ្នាល់គ្រាន់តែក្រឡេកឃើញកម្លាំងនគរបាលចុះទៅដល់ទីតាំងភ្លាម ក្រុមអ្នកញៀនល្បែងទាំងនោះក៏បានរត់បាតជើងសព្រាតទាំងព្រលឹងចុងសក់ដោយបន្សល់នូវម៉ូតូជាច្រើនគ្រឿង និងវត្ថុតាងជាច្រើនទៀត។

    វត្តុតាងដែលកម្លាំងនគរបាលដកហូតរួមមាន ម៉ូតូចំនួន១៤គ្រឿង កៅអីជ័រចំនួន៤ ចានទ្រនាប់ដាក់ខ្សាច់សម្រាប់បាញ់អាប៉ោងចំនួន០១, ខ្នាយដែក១គូ, កញ្ចក់ជ័ររបាំងមាន់ចំនួន៣, មាន់ជល់ចំនួន៣ក្បាល(ងាប់១), តុឈើ ចំនួន១, ស្បៃរបាំងសង្វៀនបញ្ជល់មាន់ចំនួន១ខ្សែ, កន្ត្រកដាក់មាន់ចំនួន៣, ឡាំងស្នោសម្រាប់ដាក់ភេសជ្ជៈចំនួន១ ។

    បច្ចុប្បន្ន សម្ភារវត្ថុតាងខាងលើបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដោយឡែកកៅអីជ័រ,ស្បៃរបាំងបានដុតបំផ្លាញចោលនៅនឹងកន្លែងអស់ហើយ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖