សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣បានផ្សាយថា ក្រសួងការបរទេសរបស់ប្រទេសកាតារបានឲ្យដឹងថា ស្ថានទូតរបស់កាតារ និងអេមីរ៉ាត់អារ៉ាប់រួមបានបើកដំណើរការដើម្បីចាប់ផ្តើមការងារហើយនៅថ្ងៃចន្ទនេះ បន្ទាប់ពីប្រទេសក្នុងតំបន់ឈូងសមុទ្រពែរ្សទាំងពីរយល់ព្រមស្តារទំនាក់ទំនងឡើងវិញ។
ការស្ដារទំនាក់ទំនងគ្នាឡើងវិញនៃប្រទេសទាំងពីរ កើតឡើងចំពេលដែលមានការជំរុញក្នុងតំបន់កាន់តែទូលំទូលាយសម្រាប់ការផ្សះផ្សា និងជាងពីរឆ្នាំបន្ទាប់ពីក្រុមរដ្ឋអារ៉ាប់ បញ្ចប់ការធ្វើពហិការលើទីក្រុងដូហា ដែលកន្លងមកបានបំផ្លាញទំនាក់ទំនងរវាងប្លុកអារ៉ាប់នៅជាប់ឈូងសមុទ្រពែរ្ស ដែលជាសម្ព័ន្ធមិត្តលោកខាងលិច។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកាតារបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាតារ លោក ម៉ាហំាម៉ាត់ ប៊ីន អាប់ឌុលរ៉ាម៉ាន់ អាល់ថានី (Mohammed bin Abdulrahman Al-Thani) និង លោក អាប់ឌុលឡាហ៍ ប៊ីន ហ្សាអ៉ីត (Abdullah bin Zayed) បានជួបសន្ទនាគ្នាតាមទូរស័ព្ទនៅថ្ងៃបើកដំណើរការស្ថានទូតឡើងវិញនេះ។
ទីក្រុងអាប៊ូដាប៊ី និងទីក្រុងដូហា បានជាប់គាំងក្នុងការប្រកួតប្រជែងគ្នាដ៏ជូរចត់អស់រយៈពេលជាច្រើនឆ្នាំមកនេះជុំវិញឥទ្ធិពលក្នុងតំបន់ តួនាទីរបស់សាសនាអ៊ិស្លាមក្នុងវិស័យនយោបាយ និងជុំវិញការគាំទ្រចំពោះចលនាលទ្ធិប្រជាធិបតេយ្យនៅទូទាំងតំបន់មជ្ឈិមបូព៌ា៕
ដោយ៖ ធីរីណា(រូបថត៖ Twitter/WAM-TTXVN)