ព័ត៌មានទាន់ហេតុការណ៍៖

កាលពី៤៦ឆ្នាំមុន(ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧) សមមិត្តហ៊ុន សែន បានសម្រេចចិត្តយកជីវិតធ្វើជាដើមទុន ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៦ នៃការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅក្រសួងការពារជាតិ ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានចោទសំនួរថា :  កាលពី៤៦ឆ្នាំមុន(ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧) បើសមមិត្តហ៊ុន សែន មិនសម្រេចចិត្តយកជីវិតធ្វើជាដើមទុន ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទេ តើអាចនឹងមានអ្វីកើតឡើងសម្រាប់ប្រទេសកម្ពុជាបន្តទៀត? ខណៈដែលជីវិតប្រជាពលរដ្ឋខ្មែរទាំងអស់ ស្ថិតនៅក្រោមកណ្តាប់ដៃរបស់ពួកខ្មែរក្រហម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាកចេញរបស់សម្តេចទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត កាលពី៤៦ឆ្នាំមុន ជាមួយនឹងទឹកភ្នែករាប់ម៉ឺនតំណក់ និងការឈឺចាប់ជាច្រើនទៀត ដោយបែកបាក់ប្រពន្ធ និងកូន ប៉ុន្តែទោះជាយ៉ាងណាទេវតាតាមថែរក្សាសម្តេចជានិច្ចផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បង្ហាញសៀវភៅប្រវត្តិសាស្រ្ដកម្ពុជា ដែលជាសម្រង់ប្រសាសន៍របស់សម្ដេចជាង ៤០ ម៉ោង។ ប៉ុន្ដែសៀវភៅនេះ ត្រូវមានការត្រួតពិនិត្យ និងកែតម្រូវពីសម្ដេចបន្ថែមទៀតទើបឈានទៅដល់ការបោះពុម្ព។

សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យមានការសិក្សាជាមួយអ្នកច្បាប់ ចំពោះការរៀបចំបង្កើតច្បាប់ស្ដីពីប្រវត្តិសាស្រ្ដយោធា បន្ទាប់ពីមានការស្នើសុំគោលការណ៍ ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សៀវភៅប្រវត្តិសាស្រ្ដកម្ពុជា ដែលជាសម្រង់ប្រសាសន៍របស់សម្ដេចជាង៤០ម៉ោងនោះ រយៈពេលប្រមាណ១០ឆ្នាំទៀត ទើបសម្ដេចអនុញ្ញាតឱ្យបោះពុម្ពផ្សាយជាផ្លូវការ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំទទួលស្គាល់ថា ខ្លួនឯងជាមនុស្សឆេវឆាវ តែការសម្រេចចិត្តខាងផ្នែកនយោបាយ ខ្ញុំជាមនុស្សចិត្តធ្ងន់បំផុតហើយ..» ៕

ដោយ ៖ សិលា


ចែករំលែក៖