ព័ត៌មានទាន់ហេតុការណ៍៖

លោក Antonio Guterres អំពាវនាវឱ្យអ៉ីស្រាអែលបញ្ឈប់ការតាំងទីលំនៅខុសច្បាប់លើដែនដីប៉ាឡេស្ទីន

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានអំពាវនាវឱ្យអ៉ីស្រាអែលបញ្ឈប់ជាបន្ទាន់នូវសកម្មភាពតាំងទីលំនៅ ខុសច្បាប់នៅក្នុងដែនដីប៉ាឡេស្ទីនដែលខ្លួនកំពុងគ្រប់គ្រង ដោយចាត់ទុកផែនការសាងសង់លំនៅឋានបន្ថែមសម្រាប់ជនជាតិអ៉ីស្រាអែលគឺជាកត្តាជំរុញឱ្យមាន ភាពតានតឹងនិងអំពើហិង្សាដែលជាឧបសគ្គធំរារាំងដល់ការស្វែងរកសន្តិភាពយូរអង្វែង។
ការកត់សម្គាល់ខាងលើរបស់លោកប្រមុខ UN កើតមានឡើង បន្ទាប់ពីជនជាតិប៉ាឡេស្ទីន៥នាក់ ក្នុងនោះរួមមានកុមារម្នាក់អាយុ១៥ឆ្នាំត្រូវបានសម្លាប់និងជាង ៩០នាក់ផ្សេងទៀតរងរបួសនៅក្នុងការប៉ះទង្គិចគ្នាដ៏ហិង្សាមួយដែលបានកើតឡើងអំឡុងពេលទាហានអ៉ីស្រាអែលបើកប្រតិបត្តិការវាយឆ្មក់មួយលើជំរំជនភៀសខ្លួនក្នុងទីក្រុង Jenin នៃតំបន់ West Bank កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យរងម្នាក់របស់លោកប្រមុខ UN គឺលោក ហា្វហាន់ ហាក (Farhan Haq) បានឱ្យដឹងថាលោក Antonio Guterres បានបញ្ជាក់ឡើងវិញថា ការតាំងទីលំនៅរបស់អ៉ីស្រាអែលនៅក្នុងដែនដីប៉ាឡេស្ទីនដែលខ្លួនកំពុងគ្រប់គ្រង គឺជាទង្វើបំពានលើច្បាប់អន្តរជាតិ ហើយជាកត្តាមួយដែលបង្កឱ្យមានអំពើហិង្សានិងភាពតានតឹង។
កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានអនុម័តលើផែនការសាងសង់លំនៅឋានរាប់ពាន់ខ្នង បន្ថែមសម្រាប់ជនជាតិអ៉ីស្រាអែលនៅក្នុងតំបន់ West Bank ជាមួយការផ្ដល់អំណាចឱ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក បេហ្សាលែល ស្មូទ្រីស (Bezalel Smotrich) ដែលមាននិន្នាការស្ដាំនិយមជ្រុលជាអ្នកទទួលខុសត្រូវលើគម្រោងសាងសង់លំនៅឋានទាំងនោះ ដែលត្រូវបានចាត់ទុកថាខុសច្បាប់នៅក្រោមច្បាប់អន្តរជាតិ៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN-VNA


ចែករំលែក៖