ខេត្តរតនគិរី ៖ ដំណើរការអភិរក្សនិងបង្កើតពូជសត្វដំរីនៅខេត្តរតនគិរីកំពុងទទួលបានជោគជ័យគួរឲ្យកត់ សម្គាល់។ សមាគមអៃរាវតាអភិរក្សនិងបង្កាត់ពូជសត្វដំរីនៅខេត្តរតនគិរីមកដល់ពេលនេះទទួលបានជោគជ័យជាបន្ដបន្ទាប់គួរឲ្យកត់សម្គាល់។
សមាគមអៃរាវតាអភិរក្សនិងបង្កាត់ពូជសត្វដំរីនោះមានទីតាំងស្ថិតក្នុងភូមិកាទៀង ឃុំល្បាំង២ស្រុកលំផាត់ខេត្ដរតនគិរី បច្ចុប្បន្នមានសត្វដំរីចំនួន៤ក្បាលដែលមាន ១- ឈ្មោះ ខាំ សែន ឈ្មូល អាយុ៥២ឆ្នាំ ២-ឈ្មោះ បុក វ៉ាឈ្មូល អាយុ៥០ឆ្នាំ ៣-ឈ្មោះ អុី កែវ ញី អាយុ៤០ឆ្នាំ និង៤-ឈ្មោះ ណូអ៊ែល ញីអាយុ១ឆ្នាំ។
អ្នកស្រី ខៃ ចិន្ដា ប្រធានសមាគមអៃរាវតា អភិរក្សនិងបង្កាត់ពូជសត្វដំរី បានឲ្យដឹងថា សមាគមរបស់អ្នកស្រីបានចាប់ផ្ដើមដំណើរការក្នុងឆ្នាំ២០១៥ គោលបំណងគឺចង់ស្ដារនិងអភិរក្សពូជសត្វដំរីនៅភូមិភាគឦសានក្នុងខេត្ដរតនគិរី ឲ្យនៅគង់វង្ស។
អ្នកស្រីបានបន្ដថា ដោយសារមានចិត្ដស្រឡាញ់សត្វដំរី គាត់បានលះបង់ពេលវេលានិងទ្រព្យធនដែលមានបន្ដិចបន្តួចរួមជាមួយខាងក្រសួងព័ត៌មាននិង ក្រសួងបរិស្ថាន ដោយទិញសត្វដំរីបានជាបន្ដបន្ទាប់ចំនួន៣ក្បាល យកមកចិញ្ចឹមដើម្បីបង្កាត់ពូជហើយនៅឆ្នាំ២០២២យើងបង្កាត់បានកូនដំរីញី១ក្បាលទៀតឈ្មោះណូអែលដែលសរុប៤ក្បាល។
អ្នកស្រី ខៃ ចិន្ដា បញ្ជាក់ថា ក្រោយពីទទួលបានជោគ ជ័យនៃការបង្កាត់ពូជសត្វដំរី ក៏មានក្រសួងកសិកម្ម, ក្រសួងអប់រំនិងក្រសួងកិច្ចការនារីចូលរួមផងដែរ។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ សមាជិករបស់សមាគមអភិរក្សដំរី អៃរាវតានៅភ្នំពេញេរួមនិងក្មួយៗពិការភាពបានមកជួបជុំគ្នានៅទីតាំងបង្កាត់ពូជដំរី ធ្វើ ការផ្ដល់កម្លាំងចិត្ត ហើយសមាគមក៏បានចែករំលែកថវិកាចំនួន៥លានរៀលដល់ប្រជាសហគមទឹកធ្លាក់កាទៀងដើម្បីយកទៅប្រើប្រាស់ចុះល្បាតព្រៃនិងអភិវឌ្ឍន៍ភូមិដ្ឋានពួកគាត់ឲ្យកាន់តែល្អថែមទៀត។
ក្រៅពីនេះប្រជាពលរដ្ឋនៅភូមិកាទៀងចំនួន២២៦ គ្រួសាររួមនិងហ្មដំរី ក៏ទទួលបានថវិកាមួយចំនួនរួមនិងសាប៊ូដុសខ្លួនពីកញ្ញាដួងហ្សូរីដា ដែលជាតារាសំដែងនិងជាទូតសុច្ឆន្ទះរបស់សមាគមអៃរាវតា។
លោកស្រីញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការ នារីដែលបានចូលរួមជួបជុំនៅទីនោះ បានស្ងើចសសើរអ្នកស្រីខៃចិន្ដាដែលបានបង្កើតសមាគមអៃរាវតានេះដើម្បី អភិរក្សនិងបង្កាត់ពូជន៍សត្វដំរីនៅខេត្ដរតនគិរី។
លោកស្រី បំផុសដល់ប្រជាសហគមន៍និងសប្បុរសជននានាឲ្យចូលរួមស្រឡាញ់ការពារសត្វដំរីនិងជួយផ្ដល់ជាថវិកាតាមសទ្ធាដើម្បីឲ្យសមាគមនេះដំណើរការទៅមុខនិងទទួលបានដោយជោគជ័យបន្ថែមទៀត៕
ដោយ៖ សូរិយា