ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសបារាំងបានឆ្មក់ចូលទីស្នាក់ការរបស់អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកប៉ារីសឆ្នាំ២០២៤

ចែករំលែក៖

ប៉ូលិស​បារាំង​កំពុង​ឆែកឆេរ​ទីស្នាក់ការ​របស់​អ្នក​រៀបចំ​ការ​ប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​ប៉ារីស​ឆ្នាំ២០២៤។ ក្រុមមន្ត្រីនិយាយថា ការវាយឆ្មក់នេះគឺជាផ្នែកមួយនៃការស៊ើបអង្កេតបឋមចំនួនពីរ។ សារព័ត៌មាន BBC បានផ្សាយ​ថា ប៉ូលិស​កំពុង​ពិនិត្យ​មើល​ការ​ចោទ​ប្រកាន់​ពី​ការ​អនុគ្រោះ និង​ការ​ប្រើ​ប្រាស់​លុយ​សាធារណៈ​ខុស​ក្នុង​ការ​កំណត់​កិច្ចសន្យា​សាងសង់។

អ្នកនាំពាក្យនៃគណៈកម្មាធិការរៀបចំទីក្រុងប៉ារីសឆ្នាំ២០២៤ បានប្រាប់ BBC ថា ស្ថាប័ននេះកំពុងសហការយ៉ាងពេញលេញជាមួយអ្នកស៊ើបអង្កេត។ កាលពីថ្ងៃអង្គារ អ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយបានមកដល់ដោយមិនបានប្រកាសនៅឯទីស្នាក់ការកណ្តាលនៃគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកនៅទីក្រុង Saint-Denis ជាយក្រុងប៉ារីស ក៏ដូចជានៅការិយាល័យរបស់ Solideo ដែលជាស្ថាប័នសាធារណៈទទួលបន្ទុកគម្រោងសាងសង់សម្រាប់ព្រឹត្តិការណ៍នេះ។

ស្ថាប័នតុលាការបារាំងដែលទទួលខុសត្រូវក្នុងការតាមដានឧក្រិដ្ឋកម្មហិរញ្ញវត្ថុ PNF ក្រោយមកបានបញ្ជាក់ថា ការស្វែងរករបស់ពួកគេកំពុងត្រូវបានអនុវត្តនៅទូទាំងទីតាំងជាច្រើនដែលពាក់ព័ន្ធនឹងអង្គការទាំង២។ការវាយឆ្មក់របស់ប៉ូលីសកាលពីថ្ងៃអង្គារគឺជាវគ្គចុងក្រោយដែលប៉ះពាល់ដល់ចលនាអូឡាំពិក និងកីឡារបស់ប្រទេសបារាំងជាទូទៅក្នុងប៉ុន្មានខែថ្មីៗនេះ។

កាលពីខែឧសភា ប្រធានគណៈកម្មាធិការជាតិអូឡាំពិករបស់ប្រទេសបារាំង លោកស្រី Brigitte Henriques បានលាលែងពីតំណែងក្នុងការផ្លាស់ប្តូរមួយដែលធ្វើឱ្យអ្នកជំនាញកីឡាជាច្រើនមានការភ្ញាក់ផ្អើល។ មិនមានហេតុផលណាមួយត្រូវបានផ្តល់ឱ្យសម្រាប់ការសម្រេចចិត្តរបស់លោកស្រី Henriques នោះទេ ប៉ុន្តែវាបានកើតមានឡើងចំពេលមានរបាយការណ៍អំពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំងនៅក្នុងអង្គការ។

កាលពីដើមឆ្នាំនេះប្រធានសហព័ន្ធបាល់ទាត់ និងបាល់ឱបរបស់ប្រទេសបារាំងបានឈប់ឈរឈ្មោះ បន្ទាប់ពីមានរឿងអាស្រូវដ៏ល្បី។ សម្រាប់ត្តិការណ៍អូឡាំពិកឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែកក្កដាដល់ថ្ងៃទី១១ ខែសីហា ដោយកីឡាប៉ារ៉ាឡាំពិកដំណើរការនៅខែកញ្ញា ៕

ដោយ៖ ភារៈ(រូបភាព៖ BBC Sport)


ចែករំលែក៖