ខេត្តស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញចែកចង្ក្រានសន្សំសំចៃថាមពល និងធុងចំរោះទឹកស្អាត ដែលជាអំណោយរបស់ ក្រុមហ៊ុន អ៊ីនត្រាកូ ជូនដល់ប្រជាពលរដ្ឋចំនួន ៤៦៦គ្រួសារ នៅឃុំអណ្តូងពោធិ៍ នៅស្រុករមាសហែក នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ។
លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានថ្លែងថា ដោយមានការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច លោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុករមាសហែក លោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ធ្វើឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក រក្សាបាននូវសុខសន្តិភាព សុវត្ថិភាពល្អប្រសើរ ធានាដល់ការរស់នៅរបស់ បងប្អូនប្រជាពលរដ្ឋ ប្រកបដោយភាពសុខសាន្ត និងការអភិវឌ្ឍលើគ្រប់វិស័យ ដោយអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិទាំង៧យ៉ាង ធ្វើអោយស្រុកមានទាំងស្ថេរភាពនយោបាយ សតិអារម្មណ៍ល្អប្រសើរ មិនមានអ្វីកើតឡើងគួរអោយកត់សម្គាល់នោះឡើយ។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីប្រកបដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់ និងសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២ សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានចុះកិច្ចសហប្រតិបត្តិការ ជាមួយសហព័ន្ធនារី វៀតណាម និងក្រុមហ៊ុន អ៊ីនត្រាកូ ដើម្បីអនុវត្តគម្រោង ការចែកចាយដោយឥតគិតថ្លៃ នូវចង្ក្រានសន្សំសំចៃថាមពលចំនួន ៣០ម៉ឺនគ្រឿង និងធុងចម្រោះទឹកស្អាតចំនួន ១០ម៉ឺនគ្រឿង ដែលមានតម្លៃសរុបចំនួនជាង ១លានដុល្លា ដល់គ្រួសារស្ត្រីក្រីក្រនិងគ្រួសារជួបការលំបាកដែលប្រើប្រាស់ចង្ក្រានដុតអូសឈើបែបបុរាណ និងគ្រួសារដែលមិនមានទឹកស្អាតសម្រាប់ប្រើប្រាស់ ដោយឲ្យឥតគិតថ្លៃនៅខេត្តចំនួន ០៨គឺ មានខេត្តកែប, ខេត្តកំពត, ខេត្តកំពង់ស្ពឺ, ខេត្តព្រៃវែង, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ។ សម្រាប់ខេត្តស្វាយរៀងត្រូវទទួលបាន ចង្ក្រានសំន្សំសំចៃថាមពលចំនួន ៣២,០៧១គ្រឿង និងធុងចម្រោះទឹកស្អាតចំនួន១០,៦៩០គ្រឿង សម្រាប់បែងចែកប្រជាជននៅទូទាំង ០៨ក្រុង ស្រុក ក្នុងឃុំ-សង្កាត់ទាំង ៨០ ។ ដោយឡែកសម្រាប់ស្រុករមាសហែកចំនួន ១២ឃុំចំនួន ទទួលបាន ៥,៧៥៦គ្រឿង ។
សម្តេចកិត្តិសង្គហបណ្ឌិត អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាសុខសន្តិភាព, បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ ដើម្បី ធានាការងារ និងការអភិវឌ្ឍន៍,ចូលរួមគោរពច្បាប់ចរាចរផ្លូវគោក, រួមគ្នាអនុវត្តឲ្យបាននូវភូមិឃុំមានសុវត្ថិភាព, បន្តរៀនរស់នៅ និងធ្វើការតាមគន្លងថ្មី ដោយគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល គឺ ៣ការពារ៣កុំ ទាំងអស់គ្នា ៕
ដោយ៖ សុថាន