ខេត្តស្ទឹងត្រែង ៖ ក្រុមអភិរក្សត្រីមេពូជបានចុះល្បាតនៅតាមដងទន្លេមេគង្គលើ ឃាត់ខ្លួនអ្នកនេសាទ១១នាក់លួចលាក់ធ្វើការនេសាទខុសច្បាប់អប់រំនិងបានដកហូតមង ឧបករណ៍ឆក់ក្នុងអន្លុងអភិរក្សដែលជាតំបន់ហាមឃាត់នៅតាមតំបន់រ៉ាមសារ។
លោក ភោគ និមល ប្រធានក្រុមអភិរក្សត្រីមេពូជប្រចាំនៅទីស្នាក់ការគោះឬស្សី ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានបញ្ជាក់នៅព្រឹកថ្ងៃទី២៣ ខែមិថុនាថា មន្រ្តីផ្នែកបរិស្ថាន-ប្រចាំការនៅតំបន់រ៉ាមសារតាមដងទន្លេមេគង្គលើ ចំនួន៣គោលដៅ បានសហការជាមួយប្រជាសហគមន៍នេសាទ ធ្វើការចុះបង្ក្រាបបទល្មើសនេសាទដើម្បីអភិរក្សត្រីមេពូជឱ្យសំបូរបែបឡើងវិញ។
លោកប្រធានក្រុមអភិរក្សបន្តថា ក្នុងសកម្មភាពចុះល្បាតនេះ ក្រុមអភិរក្សត្រីមេពូជបានបង្ក្រាបបទល្មើសចំនួន ៧០ លើកក្នុងខែមិថុនានេះ នឹងបានឃាត់អ្នកនេសាទចំនួន១១នាក់អប់រំ និងបានផ្សព្វផ្សាយ ច្បាប់ស្ដីពីតំបន់ការពារធនធានជីវចំរុះនៅរដូវបិទនេសាទ ចំនួន០៥លើកបន្ថែមទៀត។
លោកបន្តថា ក្នុងនោះកម្លាំងទាំងពីរក្រុមបង្ក្រាបបានករណីល្មើសបានចំនួន២០ករណី ដកហូតបានមងជិត៣០០០ម៉ែត្រនិងឧបករណ៍ ឆក់១គ្រឿង ទូកឈើ ចំនួន០១ គ្រឿង ម៉ាស៊ីនចំនួន០១គ្រឿង ខ្សែកាបភ្ជាប់ខ្សែភ្លើង ប្រវែង២ម៉ែត្រ ចំនួន១ខ្សែ និងដាយ ប្រវែង៣០ម៉ែត្រ។ ចំណែកជនសង្ស័យរត់គេចខ្លួនតែឃាត់បាន១១នាក់ដោយបន្សល់ទុកវត្ថុតាងមួយចំនួនតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា វត្ថុតាងដកហូតបានទាំងអស់ ត្រូវបានរក្សាទុកនៅស្នាក់ការតំបន់រ៉ាមសារ ស្នាក់ការរងកោះត្រែង ស្នាក់ការរងកំបោរ ដើម្បីធ្វើកំណត់ហេតុនិងបំផ្លាញចោលនៅពេលក្រោយ៕
ដោយ៖ សូរិយា