ភ្នំពេញ៖ ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ចំនួន១០នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វេីការបង្ក្រាបឃាត់ខ្លួននិងចាប់យកមាន់ជល់ចំនួន៤ក្បាលរួមទាំងជញ្ជីងថ្លឹងមួយទៅចាត់ការតាមនីតិវិធី។
យោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះបានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៧:១០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់មាន់ជល់) នៅចំណុចលើផ្លូវលំ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនមនុស្សចំនួន១០នាក់ និងចាប់យកវត្ថុតាងមានមាន់ជល់ចំនួន ០៤ក្បាល, ជញ្ជីងសម្រាប់ថ្លឹងមាន់ចំនួន ០១ ។
ក្រោយការបង្ក្រាបនិងឃាត់ខ្លួនក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ទាំងនោះត្រូវបានសមត្ថកិច្ចបញ្ជូនមកការិយាល័យដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ដោយ៖ សុខាសែនជ័យ