ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមនិងកូរ៉េខាងត្បូងបានចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការសន្តិសុខនិងទំហំពាណិជ្ជកម្ម

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣បានផ្សាយថា ប្រទេសកូរ៉េខាងត្បូងនិងវៀតណាម នៅថ្ងៃសុក្រនេះបានព្រមព្រៀងជំរុញកិច្ចប្រតិបត្តិការសន្តិសុខ ដោយលើកឡើងពីការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្ម ការវិនិយោគទ្វេភាគី បើទោះបីជាមានការធ្លាក់ចុះនៅឆ្នាំ២០២៣នេះនិងផែនការដំឡើងពន្ធរបស់វៀតណាមលើក្រុមហ៊ុនធំៗក៏ដោយ។
ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសវៀតណាម ក្នុងនាមជាប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) បានទទួលស្គាល់ចំពោះបញ្ហាសេដ្ឋកិច្ច ប៉ុន្តែបានរំលឹកឡើងវិញនូវតួនាទីដ៏សំខាន់របស់វៀតណាមសម្រាប់យុទ្ធសាស្ត្រសម្រាប់ភាពរីកចម្រើនរបស់ទីក្រុងសេអ៊ូល។ លោក យូន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១៧ជាមួយប្រធានាធិបតីវៀតណាម លោក វ៉ូ វ៉ាន់ធឿង (Vo Van Thuong) លើបញ្ហាសំខាន់មួយចំនួន រាប់ចាប់តាំងពីឧស្សាហកម្មរ៉ែសំខាន់ៗដល់កម្មករវៀតណាមនៅកូរ៉េ ហើយនិយាយថាទីក្រុងសេអ៊ូលនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍រួមគ្នា ប្រធានាធិបតីវៀតណាម លោក ធឿង បានគូសបញ្ជាក់ថា «វៀតណាមគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដទៃទៀត ដែលអាចមានទំនាក់ទំនងជិតស្និទ្ធ ជាមួយទីក្រុងព្យុងយ៉ាង។ ប៉ុន្តែវៀតណាមត្រៀមខ្លួនជាស្រេចដើម្បីចូលរួមក្នុងដំណើរការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ»។ ក្រៅពីនេះ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាជំរុញវិស័យឧស្សាហកម្មការពារជាតិ និងកិច្ចសហប្រតិបត្តិការសន្តិសុខនៅតំបន់សមុទ្រចិនខាងត្បូង។
កូរ៉េខាងត្បូងគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលពិភាក្សាអំពីការលក់អាវុធទៅឱ្យប្រទេសវៀតណាម ខណៈដែលទីក្រុងហាណូយកំពុងស្វែងរកការធ្វើទំនើបកម្មឃ្លាំងអាវុធរបស់ខ្លួន។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសទាំងពីរបានអភិវឌ្ឍទំនាក់ទំនងស្ទើរតែគ្រប់វិស័យ ដោយកូរ៉េខាងត្បូងគឺជាអ្នកវិនិយោគបរទេសធំជាងគេនៅវៀតណាម៕

ដោយ៖ ធីរីណា(រូប​ថត​៖ TTXVN)


ចែករំលែក៖