ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបង្ក្រាបឈ្មួញដឹកលៀស នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នំាង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ នៅវេលាម៉ោងប្រមាណ០៣និង៣០ នាទីទាបភ្លឺ ថ្ងៃទី ២៣ ខែមិថុនា ២០២៣ កម្លាំងកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង សហការជាមួយកម្លាំងរដ្ឋបាលជលផល ចុះឃាត់រថយន្តដឹកលៀសដែលធ្វើសកម្មភាពដឹកជញ្ជូន លៀសគ្មានច្បាប់ទៅលក់នៅប្រទេសវៀតណាម មួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ព៌ណសលាយខៀវ ពាក់ស្លាកលេខភ្នំពេញ ៣B-៨១០០ នៅត្រង់ចំណុចភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ការឃាត់រថយន្តខាងលើនេះសមត្ថកិច្ចដកហូតវត្តតាងរួមមាន ៖ រថយន្ត១ គ្រឿងនិងលៀសចំនួន៦១០ បេ ។ បច្ចុប្បន្ន រថយន្ត និង លៀស ប្រគល់ជូនរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងចាត់ការបន្តតាមនីតិវីធី។

យោងតាមប្រភពបានឲ្យដឹងថា រថយន្តខាងលើនេះដឹកលៀសចេញពីទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ដើម្បីយកទៅលក់នៅប្រទេសវៀតណាមតែសំណាងអាក្រក់មកដល់ទឹកដីខេត្តកំពង់ឆ្នាំងត្រូវសមត្ថកិច្ចក្របួចជាប់ ។  ករណីក្រុមឈ្មួញដឹកលៀស ទៅកាន់ទីផ្សារ នៅប្រទេសវៀតណាម គឺមានការឃុបឃិតគ្នា ជាមួយសមត្ថកិច្ចពាក់ ព័ន្ធមួយចំនួនចាប់តាំងពីតាមគោលដៅលើកលៀសឡើង រថយន្តយ៉ាងរលូន ហើយនាពេលកន្លងមក មិនមានសមត្ថកិច្ចណាចាត់វិធានបង្ក្រាបឡើយ ពេលមាន ការចុះផ្សាយពីបណ្តាញសារព័ត៌មានគេសង្កេតឃើញសម្ងំទាំងសមត្ថកិច្ចនិងឈ្មួញមួយដង្ហើមចង្រិតរួចបន្ត សកម្មភាពវិញយ៉ាងរលូន ។ 

ក្នុងទឹកដីខេត្តកំពង់ឆ្នាំងក៏មានសកម្មភាពរថយន្តធំៗចូលដឹកជញ្ជូនលៀសយ៉ាងគឃ្លើនផងដែរ។ តាមប្រភពបានបង្ហើបថាមានការត្រូវរ៉ូវគ្នាពីសមត្ថកិច្ចតាមគោលដៅ ហើយរៀបចំជើងនិងទីកន្លេងលើកលៀសឡើងរថយន្តម្តងចល័តទៅនេះម្តងទៅនោះ ដឹកទៅលក់នៅប្រទេសវៀតណាមយ៉ាងរំភើយ។

ឈ្មួញរកស៊ីលៀសទាំងនោះគឺមុខដដែលៗ ហើយសមត្ថកិច្ចនិងអាជ្ញាធរគោលដៅស្គាល់យ៉ាងច្បាស់តែធ្វើមិនដឹងមិនលឺ៕

ដោយ៖ សូរិយា


ចែករំលែក៖