ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ ក្រុមប្រឆាំង នៅតែចិញ្ចឹមចិត្តចង់បំផ្លិចបំផ្លាញសុខសន្តិភាពនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖នសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា សម្តេចមិនខ្លាចចំពោះការបាត់បង់មនុស្សប៉ុន្មាននាក់ ដើម្បីការពារបងប្អូនប្រជាពលរដ្ឋជាង១៧លាននាក់នោះទេ ខណៈដែលក្រុមចង្រៃទាំងនោះនៅតែចិញ្ចឹមចិត្តចង់បំផ្លិចបំផ្លាញសុខសន្តិភាពនៅកម្ពុជា។

សម្តេចតេជោ ហ៊ុនសែន បានថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះសំណាលនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែមិថុនា ឆ្នាំ២០២៣ 

សម្តេចតេជោ ហ៊ុន សែន បានរំលឹកជាថ្មីទៀតថា បើកម្ពុជាមានសង្រ្គាម គ្មានបរទេសណាមកធ្វើការវិនិយោគជាមួយកម្ពុជានោះទេ ដូច្នេះហើយបងប្អូនជនរួមជាតិទាំងអស់ត្រូវថែរក្សានូវសុខសន្តិភាពនេះឲ្យខាងតែបាន។ 

  សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនលើកលែង ចំពោះជនណា ឬក្រុមប្រឆាំងណា ដែលមានបំណងបង្កការរំខាន អុកឡុក ឬធ្វើសកម្មភាពផ្សេងៗ ដើម្បីបំផ្លាញសុខសន្តិភាពនៅកម្ពុជា។

 សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មានជនចង្រៃមួយក្រុម ដែលកំពុងមានទោសក្បត់ជាតិកម្ពុជាផងនោះ បានដើរអំពាវនាវ ដល់អន្តរជាតិ កុំមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា, កុំទិញទំនិញពីកម្ពុជា និងត្រូវដាក់ទណ្ឌកម្មកម្ពុជាជាដើម… ដែលនៅលើពិភពលោកនេះ គ្មានក្រុមប្រឆាំងណា ដូចក្រុមប្រឆាំងនៅកម្ពុជាឡើយ។

 សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនខ្លាច​ចំពោះការបាត់បង់មនុស្សប៉ុន្មាននាក់ ដើម្បីការពារបងប្អូន​ប្រជាពលរដ្ឋជាង១៧លាននាក់នោះទេ ខណៈដែលក្រុមចង្រៃ​ទាំងនោះនៅតែចិញ្ចឹមចិត្តចង់បំផ្លិតបំផ្លាញសុខសន្តិភាពនៅកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖