ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ មិនលូកដៃទៅក្នុងរឿងបាតុកម្មណាហ្គាវើលដ៍ ពីព្រោះតែបាតុកម្មនេះមានហេតុផលនយោបាយនៅពីក្រោយ !

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  ថាសម្ដេចមិនលូកដៃទៅក្នុងរឿងបាតុកម្មណាហ្គាវើលដ៍ ពីព្រោះតែបាតុកម្មនេះមានហេតុផលនយោបាយនៅពីក្រោយ។

សម្ដេចតេជោបានលើកឡើងថា រដ្ឋាភិបាលដឹងទាំងអស់អំពីប្រភពថវិកាដែលបានផ្ដល់ជូនក្រុមបាតុករទាំងនោះឲ្យធ្វើបាតុកម្មបន្តរហូតដោយមិនចាំបាច់ធ្វើការងារអ្វី។

ជាមួយគ្នានេះសម្ដេចតេជោ បានថ្លែងជំរុញឲ្យក្រុមបាតុករធ្វើបាតុកម្ម ៥ឆ្នាំទៀតផងដែរ តែព្រមានហាមបិទផ្លូវ។

សម្តេចតេជោ បានថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ ផងដែរថា : យើងត្រូវហ៊ានថ្កោលទោសពួកក្រុមប្រឆាំង ដែលបំផ្លាញជាតិ។

 សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅស្រុកខ្មែរយើងមានក្រុមចង្រៃមួយក្រុម ដែលកំពុងតែព្យាយាមបំផ្លាញផលប្រយោជន៍ជាតិ និងប្រជាជន ដូច្នេះយើងត្រូវហ៊ានថ្កោលទោសក្រុមប្រឆាំងមួយនេះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រុមប្រឆាំងនៅស្រុកខ្មែរ ខុសពីអ្នកប្រឆាំងនៅស្រុកគេ ដោយសារពួកប្រឆាំងនៅខ្មែរចង្រៃណាស់ ទៅដើរប្រាប់បរទេសកុំឱ្យមកវិនិយោគនៅកម្ពុជា កុំឱ្យទិញទំនិញពីកម្ពុជា និងដាក់ទណ្ឌកម្មកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ទោះបីក្រុមប្រឆាំងនេះ មិនមានទោសក្បត់ជាតិក៏ដោយ ក៏ពួកប្រឆាំងនេះ វាបំផ្លាញជាតិដែរ៕

ដោយ ៖ សិលា


ចែករំលែក៖