ភ្នំពេញ ៖ នារីម្នាក់បើករថយន្តក្នុងល្បឿនលឿនបានរេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យបាក់អស់មួយកង់ ចំណែករថយន្តដាច់កង់មួយចំហៀងទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ៤ទៀបភ្លឺថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Ford Ranger ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BS-9622 បើកបរដោយនារីរូបស្រស់ម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវ ពេញទំហឹងបណ្តាលឱ្យបាក់មួយកង់ខ្ទាតទៅផ្លូវម្ខាងទៀត ចំណែករថយន្តបានដាច់កង់មុខចំហៀងខាងឆ្វេងខ្ទាតទៅលើចិញ្ចើមផ្លូវ តែសំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកបើកបររថយន្តនិងអ្នកដំណើរតាមដងផ្លូវនោះទេ។
ក្រោយកើតហេតនារីអ្នកបើករថយន្ត បានចុះពីរថយន្តឡើងជិះឡំប្រឺតាគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលទៅ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារថ្មីទី២ បានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកធ្វើកំណត់ហេតុស្ទូចយករថយន្តទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឱ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ