ព័ត៌មានទាន់ហេតុការណ៍៖

ទូលបង្គំជាខ្ញុំ វង្ស ពិសេន ថ្វាយព្រះពរ ព្រះមហាក្សត្រកម្ពុជា ដែលទទួលបានព្រះរាជគោរមងារកិត្តិយសថ្នាក់ខ្ពស់បំផុតខាងព្រះពុទ្ធសាសនាជា «ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក»

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៤ ខែមិថុនានេះ បានថ្វាយសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានទទួលព្រះរាជគោរមងារកិត្តិយសថ្នាក់ខ្ពស់បំផុតខាងព្រះពុទ្ធសាសនាជា «ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក»។

ពិធីថ្វាយព្រះរាជគោរមងារ «ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក» ថ្វាយដល់ព្រះមហាក្សក្រកម្ពុជា បានធ្វើឡើងនៅព្រះបរមរាជវាំង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ដោយគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists-WFB)។

«ពុទ្ធមាមកាភិបាល (Patron of The WFB)»៖ គឺជាគោរមងារដែលផ្តល់ជូនដល់ថ្នាក់ដឹកនាំកំពូលទាំងក្នុងអាណាចក្រ និងពុទ្ធចក្រ ដែលជាអ្នកគ្រប់គ្រង ថែរក្សា គោរពប្រតិបត្តិ ឧបត្ថម្ភទ្រទ្រង់ និងលើកតម្កើងតម្លៃព្រះពុទ្ធសាសនា ប្រកបដោយសទ្ធាជ្រះថ្លា ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តម តាមរយៈសកម្មភាពព្រះពុទ្ធសាសនានានា រួមទាំងសកម្មភាពរបស់ WFB។ «ព្រះរាជពុទ្ធមាមកាភិបាល (Royal Patron of The WFB)» ជាគោរមងារសម្រាប់ផ្តល់ជូនដល់ព្រះមហាក្សត្រ និងព្រះរាជវង្សានុវង្ស ហើយមានអត្ថន័យដូចគ្នាទៅនឹង ពុទ្ធមាមកាភិបាល ដែលប្រើប្រាស់សម្រាប់ថ្នាក់ដឹកនាំក្នុងអាណាចក្រ។

ក្នុងឱកាសដ៏មហានក្ខត្តឬក្សដ៏វិសេសវិសាលថ្លៃថ្លាបំផុត ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលបានព្រះរាជគោរមងារកិត្តិយសថ្នាក់ខ្ពស់បំផុតខាងព្រះពុទ្ធសាសនា ជា “ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក” ទូលព្រះបង្គំជាខ្ញុំ សូមសម្តែងនូវអំណរសាទរប្រកបដោយមនោសញ្ចេតនាសោមនស្សរីករាយ ស្វាមីភ័ក្ត និងកតញ្ញូកតវេទិតាធម៌ ដ៏ជ្រាលជ្រៅបំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

បពិត្រព្រះសម្មតិទេព ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជសក្ខីកម្មជាវិជ្ជមានដ៏មហានក្ខត្តឫក្ស ជាអតិបរមានេះ គឺជាព្រះរាជសមិទ្ធផលដ៏វិសេសវិសាលថ្មីមួយទៀត បន្ទាប់ពីព្រះរាជបូជនិយកិច្ចដ៏ច្រើនឥត គណនា ដែល ព្រះករុណាជាអម្ចាស់ជីវិត ជាព្រះរាជពុទ្ធមាមកា និងជាព្រះរាជូបត្ថម្ភដ៏អស្ចារ្យ ចំពោះ ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ពិសេសទ្រង់បាននឹងកំពុងលើកតម្កើងកិត្យានុភាពនៃព្រះរាជាណា ចក្រកម្ពុជា ល្បីរន្ទឺសុះសាយទូទាំងថ្នាក់តំបន់ និងអន្តរជាតិ ព្រមទាំងបាននាំមកនូវសេចក្តីសុខក្សេមក្សាន្ត ចម្រុងចម្រើន រុងរឿង និងល្បីល្បាញជូនដល់ប្រជាជាតិខ្មែរទាំងមូលជាលំដាប់។

ជាថ្មីម្តងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិលើលោក ឬទ្ធីបារមីទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ និងព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ និង ព្រះមហាក្សត្រីយានី ជាពិសេសព្រះបារមីនៃព្រះបរមរតនកោដ្ឋ សូមតាមជួយបីបាច់ប្រោះព្រំប្រទានព្រះពរ ជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់បាន ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជំសុខដុមរមនាដល់ប្រជារាស្ត្ររបស់ព្រះអង្គជានិច្ចនិរន្តរ៍រៀងទៅ។

សូមបញ្ជាក់ថា មកទល់បច្ចុប្បន្ន គោរមងារនេះធ្លាប់បានប្រគល់ជូន សម្ដេចព្រះសង្ឃរាជ ព្រះមហាថេរ ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំនៃប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា ចំនួន៩រូប រួមមាន៖ ១. សម្ដេចសង្ឃរាជនៃព្រះរាជាណាចក្រថៃ ២. ព្រះមហាថេរ មហានាយកនៃសាធារណរដ្ឋស្រីលង្កា ៣. ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ ៤. ប្រធានាធិបតី នៃប្រទេសនេប៉ាល់ ៥. ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា ៦. ប្រធានាធិបតី នៃសាធារណរដ្ឋស្រីលង្កា ៧. នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ៨. ប្រធានសហព័ន្ធពុទ្ធសាសនិកជប៉ុន និង៩. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖