ខេត្តក្រចេះ ៖ ផ្ទះប្រជាពលរដ្ឋចំនួន៤ល្វែងត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងនិងបណ្តាលឱ្យខូចខាតសម្ភារសរុបជាង៣០មុឺនដុល្លា។
ហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន៤ល្វែងនោះបានកើតឡើងនៅវេលាម៉ោង០១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នៅត្រង់ចំណុចគីឡូម៉ែត្រលេខ១២៣ (ផ្សារកាបី) ស្ថិតក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
ម្ចាស់ផ្ទះឈ្មោះ កែវ ឈាន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសមាជិកក្រុមប្រឹក្សាឃុំគ្រញូងសែនជ័យនិងប្រពន្ធឈ្មោះ ណៃ យាត ។
ក្នុងហេតុការណ៍ភ្លើងកំពុងតែឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅនោះគេសង្កេតឃើញមានវត្តមានលោក សាម ណាល់ អភិបាលស្រុកស្នួលក៏បានចុះទៅដល់ទីតាំងកើតហេតុដឹកនាំកម្លាំងជួយអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គិភ័យរហូតដល់រលត់អស់ទាំងស្រុងដែរ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ផ្ទះដែលភ្លើងឆាបឆេះនោះធ្វើអំពីឈើលើថ្មក្រោមប្រក់ស័ង្កសីចំនួន៤ល្វែង ហើយត្រូវបានខូចខាតទ្រព្យសម្បត្តិទាំងស្រុងសរុបជាទឹកប្រាក់ប្រហែលជាង៣០០.០០០ដុល្លារ(សាមសិបម៉ឺនដុល្លារ)។
ការឆាបឆេះនោះបណ្តាលមកពីទុស្សេខ្សែភ្លេីងចេញពីបន្ទប់ស្តុកអីវ៉ាន់ ។
ក្នុងករណីអគ្គិភ័យខាងលេីពុំបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ហើយក៏មិនបណ្តាលអោយមានការឆេះរាលដាលទៅដល់លំនៅឋានផ្សេងទៀតដែរ។
ក្នុងហេតុការណ៍នេះសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងក្នុងនោះរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះចំនួន ២គ្រឿង រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកស្នួលចំនួន១គ្រឿង រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកកែវសីមាចំនួន០១គ្រឿង និងរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកមេមត់ចំនួន១គ្រឿងទៀតផងដែរ។
ការពន្លត់អគ្គិភ័យនោះប្រើប្រាស់ទឹកអស់ចំនួន១២រថយន្តទើបអាចគ្រប់គ្រងស្ថានការណ៍បានជាស្ថាពរនៅវេលាម៉ោង៤៖៥៥នាទីទៀបភ្លឺ៕
ដោយ ៖ ជីវ័ន្ត