ព័ត៌មានទាន់ហេតុការណ៍៖

គ.ជ.ប ចេញសេចក្ដីអំពាវនាវស្ដីពីការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានចេញសេចក្តីអំពាវនាវ ដោយបញ្ជាក់ថា : អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (ច.ប.ត.វ) ការឃោសនាបោះឆ្នោត មានទិសដៅឱ្យគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ធ្វើការផ្សព្វផ្សាយកម្មវិធីនយោបាយ របស់ខ្លួនជូនអ្នកបោះឆ្នោត។ ការឃោសនាបោះឆ្នោត គឺជាសកម្មភាពមួយចំនួនដែលត្រូវធ្វើជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឱ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ។

នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលមានរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវតែ គោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុង .ច.ប.ត.រ គោរពតាមបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្រមសីលធម៌ និងគោលការណ៍នានា ដែលបានកំណត់ដោយ គ.ជ.ប ដើម្បីឱ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយប្រព្រឹត្តទៅដោយ សន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព។

គ.ជ.ប សូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងក្នុងសកម្មភាព ការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឱ្យគណបក្សនយោបាយនីមួយៗ អាចអនុវត្ត កម្មវិធីឃោសនាបោះឆ្នោត និងការហែក្បួនឃោសនាបោះឆ្នោតរបស់ខ្លួនប្រព្រឹត្តទៅដោយស្មើភាពគ្នា។

គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា គ្រប់គណបក្សនយោបាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ នឹងចូលរួមសហការតាមការអំពាវនាវក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដោយគោរពច្បាប់ជាធរមាន ដើម្បីឱ្យការឃោសនា បោះឆ្នោតនេះ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសិទ្ធិរបស់គណបក្សនយោបាយ និងសិទ្ធិជាមូលដ្ឋាន របស់ប្រជាពលរដ្ឋ ៕

ដោយ ៖ សិលា


ចែករំលែក៖