ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖​ តាមរយៈគោលនយោបាយរាជរដ្ឋាភិបាលធ្វើឱ្យខេត្តកំពង់ស្ពឺកែប្រែមុខមាត់ និងទទួលបានឱកាសការងារ និងវិនិយោគជាបន្តបន្ទាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ​លោកហ៊ុន ម៉ានី បានថ្លែងថា​ តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលធ្វើឱ្យខេត្តកំពង់ស្ពឺកែប្រែមុខមាត់និងទទួលបានឱកាសការងារ និងវិនិយោគជាបន្តបន្ទាប់។​ កាលពីប៉ុន្មានឆ្នាំមុន ខេត្តកំពង់ស្ពឺមិនត្រូវបានគេយក ចិត្តទុកដាក់នោះទេ ខេត្តនិងប្រជាពលរដ្ឋក្នុងខេត្តនេះ​ ត្រូវបានទទួលពាក្យមាក់ងាយថា​ ជាខេត្តប៊ុមប៊ឺរលាក់កងជើង ជាអ្នកក្រីក្រគ្មានទ្រព្យគ្មានប្រាជ្ញា។ បើគេចង់ដាក់ទណ្ឌកម្មលើនរណាម្នាក់គឺគេបញ្ជូនមកកាន់ខេត្តកំពង់ស្ពឺនេះហើយ ព្រោះកាលណោះខេត្តនេះគឺតំបន់ប្រទាញប្រទង់គ្នាដោយចុងអាវុធ។​

បច្ចុប្បន្នខេត្តកំពង់ស្ពឺ​ បានក្លាយជាខេត្តដែលមានភូមិសាស្រ្តល្អ និងជាខេត្តដែលមានសក្តានុពលយ៉ាងសំខាន់បន្ទាប់ពីរាជធានីភ្នំពេញ។​ ជាក់ស្តែងខេត្តកំពង់ស្ពឺទទួលបានការវិនិយោគជាបន្តបន្ទាប់ពីសំណាក់ក្រុមហ៊ុនក្រៅ ប្រទេស ហើយតាមរយៈការវិនិយោគនេះ បានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋក្នុងខេត្តទទួលបានការងារធ្វើ​ និងមានប្រាក់ចំណូលខ្ពស់ផងដែរ។ លោក ហ៊ុន​ ម៉ានី​ បានលេីកឡេីងដូចនេះ​ ក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា នៅក្នុងវត្តព្រះពុទ្ធអណ្ដែត(ហៅវត្តក្តីល្វា) ស្ថិតក្នុងភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។

ទទន្ទឹមនឹងការលើកឡើងនោះដែរលោកហ៊ុន ម៉ានី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាក្រោយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ បានធ្វើឱ្យប្រទេសមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាបន្ត បន្ទាប់​ និងទៅដល់ទីជនបទ ដែលផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគទុនដែលមកដាក់ទុនរកស៊ីនៅក្នុងខេត្ត និងភ្ញៀវទេសចរជាតិ-អន្តរជាតិផងដែរ។ ជាក់ស្តែងតំបន់តាសាល(ខ្នងផ្សារ)​ ពីមុនមិនមាននរណាម្នាក់ចង់ទៅ តែឥឡូវតំបន់នេះកំពុងទទួលបានប្រជាប្រិយភាពក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិមកលេងកម្សាន្តរមណីយដ្ឋានធម្មជាតិ។​ កំណើនភ្ញៀវពីមួយថ្ងៃទៅមួយ ថ្ងៃក៏បាននិងកំពុងផ្តល់ជាប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍នោះផងដែរ តាមរយៈការផ្តល់សេវាកម្មដឹកជញ្ជូន និងកន្លែងស្នាក់នៅដល់ភ្ញៀវ។

អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺបញ្ជាក់ថា ការរីក ចម្រើនរបស់កម្ពុជាគឺជាសមិទ្ធផលដែលរាជរដ្ឋាភិបាល​ និងគណបក្សប្រជាជនកម្ពុជាបានកសាងឡើង។​ ថ្វីត្បិតក្នុងរយៈពេលដឹកនាំកន្លងមកនេះវាមិនល្អឥតខ្ជោះ តែគណបក្សប្រជាជនកម្ពុជាក៏បាននិងកំពុងខិតខំប្រឹង ប្រែងបន្ត​ និងកែសម្រួលនូវចំណុចខ្វះខាតនានាដើម្បីធានានូវសុខសន្តិភាព១០០%ដល់ប្រជាពលរដ្ឋ,ការវិនិយោគ​ និងការអភិវឌ្ឍន៍ និងនៅបន្តប្រពៃណីមិនរត់ចោលពលរដ្ឋនោះទេ​ ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ។​

ពេលសប្បាយរីករាយគឺពលរដ្ឋមិនបាននឹករកនាយករដ្ឋមន្ត្រី​ ឬថ្នាក់ដឹកនាំនោះទេ ដូច្នេះសូមបន្តសប្បាយចុះ តែពេលពលររដ្ឋជួបនូវឧបទ្ទហេតុផ្សេងៗ គឺមានមន្ត្រីគណបក្សប្រជាជននៅក្បែរបងប្អូនជានិច្ច។ និយាយរួម ពេលសប្បាយ អវត្តមានគណបក្សប្រជាជន តែពេលកើតទុក្ខគឺមានគណបក្សប្រជាជននៅក្បែរបងប្អូន ៣៦៥ថ្ងៃ៕

ដោយ៖ សូរិយា


ចែករំលែក៖