ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ លោក ហេង រតនា អគ្គនាយក ស៊ីម៉ាក់ បានផ្តល់បទសម្ភាសន៍ ដល់អ្នកសារព័ត៌មានបរទេស ហើយលោកអគ្គនាយក បានបញ្ជាក់ថា : អ្នកសារព័ត៌មានអន្តរជាតិចង់ដឹងថា គ្រាប់មិនទាន់ផ្ទុះ(ជាពិសេសគ្រាប់បែកទម្លាក់ពីយន្តហោះ) មានអាយុកាលជាង៥០ឆ្នាំហេីយ តេីវាអាចបន្តបង្កគ្រោះថ្នាក់ដល់មនុស្សជំនាន់ក្រោយៗ ចំពោះគ្រាប់ដែលនៅសល់ទាំងនោះដែរឬទេ?
លោក ហេង រតនា បានថ្លែងថា : ខ្ញុំគ្រាន់តែប្រាប់ថា គ្រាប់បែកទម្លាក់ពីយន្តហោះខ្លះអាយុជិត៦០ឆ្នាំហេីយ កប់ក្នុងដីនិងទឹកទៀត នៅតែមានប្រសិទ្ធភាពបង្កផ្ទុះគ្រោះថ្នាក់ខ្ពស់នៅឡេីយ!! ។ ជាក់ស្តែងនៅអង់គ្លេស អាឡឺម៉ង់ ហូឡង់ ជប៉ុន….. សង្គ្រាមបានបញ្ចប់ជិត១០០ឆ្នាំ នៅតែមានបញ្ហាគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមនៅឡេីយ!! ដូចនេះកម្ពុជា ក៏នៅតែប្រឈមមុខជាមួយខ្មាំងសត្រូវទាំងនេះក្នុងរយ:ពេលវែងដែរ។ ហេតុដូច្នេះ មនុស្សជំនាន់ក្រោយៗទៀតក៏អាចនៅតែប្រឈមមុខការលំបាកនេះគ្រាន់តែតិចជាងជំនាន់នេះ ព្រោះថាថ្នាក់ដឹកនាំនិងអ្នកជំនាន់នេះកំពុងខិតខំបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមទាំងឡាយ ដេីម្បីប្រយោជន៍ធានាសុវត្ថិភាពមនុស្សជំនាន់នេះនិងជំនាន់ក្រោយៗទៀត។
លោក ហេង រតនា បានលើកឡើងថា : ទន្ទឹមនឹងនេះ មូលដ្ឋានសំខាន់បំផុត សូមមេត្តាកុំត្រេកត្រអាលជាមួយសន្តិភាពនិងសាកល្បងបង្កសង្គ្រាមជាថ្មីទៀតឱ្យសោះ!! ៕
ដោយ ៖ សហការី