ព័ត៌មានទាន់ហេតុការណ៍៖

ក្រៅពីវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ចិននិងរុស្ស៊ីកំពុងតែឈានទៅប្រព័ន្ធការពារ ប្រឆាំងមីស៊ីល

ចែករំលែក៖

កន្លងមកចិននិងរុស្ស៊ី បានបង្កើនកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាទ្រង់ទ្រាយធំ មានតម្លៃរាប់រយពាន់លានដុល្លារ ។ នៅពេលនេះប្រទេសទាំងពីរកំពុងតែពិភាក្សា លើប្រព័ន្ធខែលការពារមីស៊ីលផងដែរ។
សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា ក្រសួងការបរទេសរុស្ស៉ី និងចិន នៅថ្ងៃអង្គារសប្ដាហ៍នេះបានបើកកិច្ចពិភាក្សាពិគ្រោះយោបល់មួយស្ដីពីប្រព័ន្ធការពារប្រឆាំងមីស៊ីល។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន ក្រសួងការបរទេសរុស្ស៉ីបានគូសបញ្ជាក់ដូច្នេះថា «ការផ្ដោះប្ដូរយោបល់គ្នាបានធ្វើឡើង លើទិដ្ឋភាពជាច្រើននៃបញ្ហានេះ (ប្រព័ន្ធការពារប្រឆាំងមីស៊ីល) ក្នុងនោះរួមមានបញ្ហាសកល និងក្នុងតំបន់ ហើយគោលបំណងនៃកិច្ចពិភាក្សានេះគឺអះអាង ឡើងវិញពីការរៀបចំកិច្ចពិភាក្សារបៀបនេះជាទៀតទាត់នៅពេលអនាគត»។
ចាប់តាំងពីចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក រុស្ស៉ីបានបង្កើនការពឹងផ្អែកលើចិនយ៉ាងខ្លាំងទាំងខាងពាណិជ្ជកម្ម និងការគាំទ្រខាងការទូត។ ចំណែក ចិនវិញមិនបានថ្កោលទោសលើការឈ្លានពានរបស់រុស្ស៉ីនោះទេ ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនមួយចំនួន បានចោទប្រកាន់ចិនថាអាចនឹងពិចារណាផ្ដល់អាវុធឱ្យរុស្ស៉ី បើទោះជាទីក្រុងប៉េកាំងច្រានចោលការចោទប្រកាន់នេះក៏ដោយ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Bloomberg


ចែករំលែក៖