ព័ត៌មានទាន់ហេតុការណ៍៖

ដោយត្រូវអាមេរិកបដិសេធ នាយករដ្ឋមន្ត្រីអុីស្រាអែលបានសម្រេចចិត្តទៅទស្សនកិច្ចនៅប្រទេសចិន

ចែករំលែក៖

នៅពេលដែលចិនពង្រីកឥទ្ធិពលរបស់ខ្លួននៅមជ្ឈិមបូព៌ា នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Netanyahu បាននិយាយថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ទោះបីជាមានការបារម្ភពីសហរដ្ឋអាមេរិកក៏ដោយ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអុីស្រាអែល(thenationalnews.com) និងមជ្ឈិមបូព៌ា(al-monitor.com) នៅថ្ងៃទី 28 ខែមិថុនា នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា លោកនឹងធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងពេលឆាប់ៗនេះ ដើម្បីស្វែងរកឱកាសការទូតផ្សេងទៀត បើទោះបីជាមានការព្រួយបារម្ភពីអាមេរិកក៏ដោយ។
ការប្រកាសរបស់លោក Netanyahu នៃដំណើរទស្សនកិច្ចដំបូងទៅកាន់ប្រទេសចិនក៏បាននាំឱ្យមានមតិចម្រុះនៅក្នុងក្រសួងការបរទេសអុីស្រាអែលអំពីការធ្វើដំណើរនេះផងដែរ ដោយមន្ត្រីមួយចំនួនបានព្រមានថា ការធ្វើដំណើរបែបនេះអាចប៉ះពាល់ដល់ទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។
កិច្ចប្រជុំនៅទីក្រុងហ្សេរុយសាឡឹមជាមួយសមាជិកនៃគណៈប្រតិភូសភាអាមេរិក លោកនាយករដ្ឋមន្ត្រី Netanyahu បានជូនដំណឹងដល់ពួកគេថា លោកត្រូវបានប្រទេសចិនអញ្ជើញឱ្យទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ហើយគ្រោងនឹងទៅទីនោះនាពេលខាងមុខ។ ប្រព័ន្ធផ្សព្វផ្សាយអុីស្រាអែលបាននិយាយថា ដំណើរទស្សនកិច្ច អាចប្រព្រឹត្តទៅបានភ្លាមៗនៅខែក្រោយ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីអុីស្រាអែលចាប់តាំងពីឆ្នាំ 2017មក ៕ ដោយ៖ ធីរីណា

រូប​ថត​៖ China daily


ចែករំលែក៖