ភ្នំពេញ ៖ ការបាក់កឆ្អឹងភ្លៅ គឺជាការបាក់ដែលមានលក្ខណៈធ្ងន់ធ្ងរ ជាពិសេសបើសិនជាអ្នកជំងឺមានវ័យចាស់ជរាដោយសារផលវិបាករបស់វាអាចបណ្តាលឱ្យមានការគំរាមកំហែងដល់អាយុជីវិត។ ប្រសិនជាអ្នកជំងឺមានវ័យក្មេង វាអាចបណ្តាលឱ្យមានការប៉ះពាល់ដល់មុខងាររបស់ជើងដែលបាក់ ដោយសារការវិវត្តន៍ទៅរកការខូចក្បាលឆ្អឹង ឬការមិនតភ្ជាប់នៃឆ្អឹងបាក់។
អ្នកដែលមានវ័យចាស់ជរាចាប់ពីអាយុ ៦០ឆ្នាំ មានការប្រឈមមុខខ្ពស់ទៅនឹងការបាក់កឆ្អឹងភ្លៅ ពីព្រោះឆ្អឹង របស់គាត់មាននិន្នាការទៅរកភាពខ្សោយ ឬស្ដើង (Osteoporosis) ដែលជាទូទៅគ្រាន់តែបណ្តាលមកពីការដើរដួល ឬ រអិលដួល ចំនែកឯអ្នកដែលមានវ័យក្មេង បណ្តាលមកពីការបុកទង្គិចខ្លាំងក្លាដូចជា គ្រោះថ្នាក់ចរាចរណ៍ ឬធ្លាក់ពីទីខ្ពស់។
#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital
ក) តើសញ្ញាអ្វីខ្លះដែលត្រូវគិតដល់ការបាក់កឆ្អឹងភ្លៅ?
– បើសិនជាអ្នកមានការបាក់កឆ្អឹងភ្លៅ អ្នកនឹងមានការឈឺចុកចាប់យ៉ាងខ្លាំងនៅផ្នែកខាងលើនៃឆ្អឹងភ្លៅ ឬតំបន់ក្រលៀន ជាពិសេសអ្នកមិនអាចឈរ ឬដើរបាន។
– ជើងដែលបាក់មើលទៅខ្លីជាង ហើយប្រអប់ជើងងាកចេញមកក្រៅ បើយើងធ្វើការប្រៀបធៀបទៅនឹងជើងម្ខាងទៀត។
បើសិនជាអ្នកមានសញ្ញាទាំងនេះត្រូវប្រញាប់មកមន្ទីរពេទ្យជាបន្ទាន់!
ខ) តើយើងត្រូវធ្វើការព្យាបាលការបាក់កឆ្អឹងភ្លៅយ៉ាងដូចម្ដេច ?
គោលបំណងនៃការព្យាបាលមាន២សំខាន់៖
១) បំបាត់ការឈឺចុកចាប់
២) ធ្វើយ៉ាងណាឱ្យអ្នកជំងឺឆាប់ធ្វើចលនាឡើងវិញបាន និងអាចមានលទ្ធភាពធ្វើសកម្មភាពការងារ ប្រហាក់ប្រហែល ឬដូចកាលពីមិនទាន់បាក់ ។
– ការឈឺចុកចាប់ខ្លាំងបណ្តាលឱ្យអ្នកជំងឺនៅស្ងៀមមិនអាចធ្វើចលនា ឬកម្រើកបាន។
– ការនៅស្ងៀមមិនកម្រើកយូរអាចបណ្តាលឱ្យមានហានិភ័យខ្ពស់ដល់បញ្ហាសុខភាពទូទៅ និងអាយុជីវិត ជាពិសេសចំពោះអ្នកជំងឺដែលមានវ័យចាស់ជរា។
– ភាគច្រើននៃអ្នកជំងឺបាក់កឆ្អឹងភ្លៅ ចាំបាច់ត្រូវធ្វើការវះកាត់ ដើម្បីតភ្ជាប់ឆ្អឹងដែលបាក់ ឬក៏ធ្វើការផ្លាស់ប្តូរក្បាលឆ្អឹងសិប្បនិម្មិត ដើម្បីជៀសវាងនូវផលវិបាក។
គ) តើត្រូវធ្វើដូចម្តេចដើម្បីជៀសវាងការបាក់កឆ្អឹងភ្លៅ ?
យើងមានហេតុផលជាច្រើនដែលអាចជៀសវាងការបាក់កឆ្អឹងភ្លៅបាន។ ហេតុផលដ៏សំខាន់មួយជាចាំបាច់ គឺជៀសវាងការពុកឆ្អឹង (Osteoporosis) ។
ដើម្បីរក្សាឆ្អឹងឱ្យមានភាពរឹងមាំយើងត្រូវ ៖
– ពិសារជាតិកាល់ស្យូម និងវីតាមីនដេ ឱ្យបានគ្រប់គ្រាន់
– ជៀសវាងការពិសារបារី និងជាតិអាល់កុលច្រើន
– ត្រូវធ្វើលំហាត់ប្រាណ ជាពិសេសការដើរជាជំរើសមួយដ៏ល្អ
“បើសិនជាបងប្អូនមានបញ្ហាដូចរៀបរាប់ខាងលើ សូមអញ្ជើញមកពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការការពារ និងព្យាបាលដ៏មានប្រសិទ្ធភាព ជាមួយក្រុមគ្រូពេទ្យដែលមានបទពិសោធន៏ខ្ពស់ច្រើនឆ្នាំ។”
ដោយ ៖ សហការី