ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួយនឹងស្ត្រីម្នាក់ទៀតបានបើករថយន្តយ៉ាងលឿនរេចង្កូតទៅបុកបង្គោលភ្លើងពេញទំហឹងបណ្ដាលឱ្យបាក់អស់មួយដើមទ្រេតជិតដល់ដី ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង១០និង ៣០នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកតូយូ៉តាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BP-9200 ដោយរួមដំណើរជាមួយនារីម្នាក់ទៀតធ្វើដំណើរតាមផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុពុំដឹងថាមានបញ្ហាអ្វីនោះទេ ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឱ្យបាក់អស់មួយដើមទ្រេតជិតដល់ដី ចំណែករថយន្តបង្កវិញខូចខាតផ្នែកខាងមុខទៅលែងរួច តែសំណាងល្អនៅក្នុងហេតុការណ៍នេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកធ្វើកំណត់ហេតុរួចស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ