ព័ត៌មានទាន់ហេតុការណ៍៖

ករណីក្រុមទាហាន Wagner បង្កើតទីតំាងថ្មីលើទឹកដីបេឡារុស ជាយុទ្ធសាស្ត្ររបស់លោកពូទីនឬ?

ចែករំលែក៖

ក្រោយពេលរុស្ស៊ីបញ្ជូនអាវុធបរមាណូទៅកាន់ប្រទេសបេឡារុសបានប៉ុន្មានថ្ងៃប៉ុណ្ណោះក៏មានករណីក្រុមទាហានស៊ីឈ្នួលបះបោរ ហើយជម្លៀសទៅបោះទីតាំងនៅក្នុងប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់រុស្ស៊ី។
សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា តាមរូបភាពផ្កាយរណបជាច្រើនសន្លឹកនៃមូលដ្ឋានយោធាមួយស្ថិតនៅភាគអាគ្នេយ៍រដ្ឋធានីមីនស្កិ៍ នៃប្រទេសបេឡារុសដែលបង្ហាញពីការសាងសង់ជំរំថ្មីៗជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ត្រូវបានគេជឿជាក់ថាជាដំណើរការសាងសង់មូលដ្ឋានទ័ពមួយសម្រាប់ក្រុម Wagner ដែលជាទាហានស៊ីឈ្នួល នៅពីក្រោយការបះបោរមិនបានសម្រេចនៅរុស្ស៉ី កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីបានរាយការណ៍ថា ថៅកែទាហានស៊ីឈ្នួល Wagner លោក យេវហ្កេនី ព្រីហ្គោហ្ស៉ីន បានធ្វើដំណើរទៅដល់ប្រទេសបេឡារុសហើយ កាលពីថ្ងៃអង្គារកន្លងទៅ ហើយអាចនឹងបង្កើតមូលដ្ឋានទ័ពថ្មីមួយស្ថិតនៅក្បែរទីក្រុង អាស៊ីប៉ូវីឈី (Asipovichi) ដែលសិ្ថតនៅចម្ងាយ៩០គីឡូម៉ែត្រពីរដ្ឋធានីមីនស្កិ៍។
រូបភាពផ្កាយរណបដែលផ្ដិតរូបភាពដោយផ្កាយរណប Sentinel 2 របស់ទីភ្នាក់ងារអវកាសអឺរ៉ុប កាលពីថ្ងៃទី២៧ ខែមិថុនា បានបង្ហាញពីដំណើរការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធនៅក្បែរភូមិ សែល (Tsel) ក្នុងទីវាលមួយកន្លែងដែលទទេស្អាតគ្មានសំណង់អ្វីទាំងអស់កាលពីថ្ងៃទី១៤ ខែមិថុនា។ តែភ្លាមៗ មិនទាន់មានការផ្ទៀងផ្ទាត់ពីសំណង់នេះនៅឡើយទេ។
ប្រធានាធិបតីបេឡារុស លោក លូកាសិនកូ បានអញ្ជើញលោក ព្រីហ្គោហ្ស៉ីន មកឈរជើងនៅទឹកដីបេឡារុស ជាផ្នែកមួយនៃកិច្ចព្រមព្រៀងបិទបញ្ចប់ការបះបោរប្រឆាំងនឹងអំណាចដឹកនាំក្នុងក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ជាថ្នូរនឹងការទម្លាក់ចោលការចោទប្រកាន់និងលើកលែងទោសពី លោក ពូទីន ដែលបានផ្ដល់ជម្រើសចំនួន៣។ ជម្រើសទាំងនេះរួមមានចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិរុស្ស៉ី ចូលនិវត្តន៍ត្រឡប់ទៅស្រុកកំណើតវិញ និងទៅរស់នៅក្នុងប្រទេសបេឡារុស៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖