ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ បានអំពាវនាវ ដល់ម្ចាស់រោងចក្រទទួលយក កម្មករ-កម្មការិនីរោងចក្រមានពិការភាពផង !

ចែករំលែក៖

ភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ៦ ៨៦៨នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១០ ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ បានអំពាវនាវដូច្នេះថា៖ «រោងចក្រខ្លះបានទទួលយកកម្មករកម្មការិនីរោងចក្រជាពិការ ប៉ុន្តែរោងចក្រខ្លះមិនទាន់យកដែរ សូមជួយយកជនពិការ»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានអំពាវនាវឱ្យម្ចាស់រោងចក្រ ឬសហគ្រាសទាំងអស់ទទួលយកកម្មករ និងកម្មការិនីរោងចក្រដែលមានពិការភាពឱ្យចូលបម្រើការងារ។

នាយករដ្ឋមន្ត្រីរំភើបដែលបានឃើញវីដេអូបទសម្ភាសជាមួយកម្មករ កម្មការិនីរោងចក្រជនមានពិការភាព ដែលពួកគេមានក្តីរីករាយដែលបានចេញមុនម៉ោង ១៥នាទីក្រោយពីរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យកម្មករកម្មការិនីរោងចក្រជនមានពិការភាព ឬស្ត្រីមានផ្ទៃពោះបានចេញមុនម៉ោង។ 

សម្តេចតេជោ ហ៊ុន សែន បានប្រកាសអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ដល់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ដែលតែងមានភក្តីភាព ដោយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់ការបោះឆ្នោតទាំងអស់ ឈ្នះភ្លូកទឹកភ្លូកដី។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវឱ្យរួមគ្នាខិតខំរក្សានូវសន្ដិភាព និងស្ថិរភាពនយោបាយ ដើម្បីបង្កើនការអភិវឌ្ឍ និងវិនិយោគនៅកម្ពុជា ស្របតាមគោលនយោបាយ រក្សាចាស់ បង្កើនថ្មីលើការទាក់ទាញវិនិយោគិនមកកាន់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា យោងតាមលទ្ធផលស្ទង់មតិគ្រប់ការបោះឆ្នោតទាំងអស់ មានស្ត្រីច្រើនជាងបុរស បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចជាប្រធានគណបក្ស។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាកំពុងដើរនៅលើផ្លូវត្រូវ ក្នុងការដឹកនាំប្រទេសជាតិ ជាពិសេសលើការអភិវឌ្ឍ និងការថែរក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយ ខណៈសម្ដេចក៏បានជួលអ្នកជំនាញបរទេសធ្វើការសិក្សាជាសម្ងាត់ វិភាគលើការងារសំខាន់របស់កម្ពុជា និងស្វែងរកបញ្ហាមកធ្វើការដោះស្រាយផងដែរ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យទូតកម្ពុជាទាំងអស់ ប្រចាំនៅតាមបណ្ដាប្រទេសផ្សេងៗ ត្រូវចេះធ្វើសេដ្ឋកិច្ច។ បើមិនចេះធ្វើ សេដ្ឋកិច្ច គឺមិនអនុញ្ញាតឱ្យធ្វើជាតំណាងរបស់កម្ពុជា ប្រចាំនៅតាមបណ្ដាប្រទេសទាំងឡើយ។

សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យរួមគ្នាថែរក្សាសន្ដិភាពរបស់កម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ ដោយមិនទុកឱ្យអានុភាពប្រទេសណាមួយមកមកបំផ្លាញសន្ដិភាពរបស់កម្ពុជានោះទេ។សម្តេចបញ្ជាក់ថា «បើការពារសន្ដិភាពមិនបាន កុំនិយាយទៅដល់ការអភិវឌ្ឍ ប៉ុន្ដែគួរនិយាយពីការត្រៀមរបួស ត្រៀមស្លាប់ និងត្រៀមភ្លើងឆេះផ្ទះទៅវិញ» ៕

ដោយ ៖ សិលា


ចែករំលែក៖