ខេត្តរតនគិរី ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ បានចុះត្រួតពិនិត្យការអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើក (ដ្រូន) ដែលតែងហោះរំលោភចូលដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី១ ។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃសុក្រនេះ មិនទាន់មានឃើញយន្តហោះគ្មានមនុស្សបើក (ដ្រូន) ហោះចូលដែនអធិបតេយ្យរបស់កម្ពុជា ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី ទៀតទេ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយក៏កម្លាំងរបស់យើងនៅតែអនុវត្ត យ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាលគឺមិនអនុញ្ញាតឱ្យយន្តហោះគ្មានមនុស្សបើក (ដ្រូន) និងក្រុមឧទ្ទាមភេរវកម្មមកបង្កអសន្តិសុខក្នុងទឹកដីកម្ពុជាបានឡើយ។
សូមបញ្ជាក់ថា : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាឱ្យទប់ស្កាត់នូវព័ត៌មានក្លែងក្លាយដែលថាមានយន្តហោះគ្មានមនុស្សបើកហោះចូលទឹកដីកម្ពុជាដែលបំភ័យដល់ប្រជាពលរដ្ឋ ខណៈគិតត្រឹមម៉ោង១០យប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣កន្លងនេះ ពុំទាន់មានយន្តហោះគ្មានមនុស្សបើកហោះចូលទឹកដីកម្ពុជាឡើយ។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា យន្តហោះដែលហោះមកទឹកដីកម្ពុជានោះ គឺគ្រាន់តែជាយន្តហោះពាណិជ្ជកម្មដែលហោះឆ្លងដែនឱកាសកម្ពុជាតែប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងដូច្នេះថា៖«យន្តហោះគ្មានមនុស្សបើក គឺខុសប្លែកពីយន្តហោះពាណិជ្ជកម្មដែលនឹងត្រូវហោះឆ្លងដែនអាកាសរបស់យើងឆ្ពោះទៅកាន់ទីកន្លែងដទៃទៀត ប្រសិនជាមានការបាញ់យន្តហោះនោះគឺវាគ្រោះថ្នាក់ធំធេងណាស់»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះ ជាមួយគ្នានេះសម្តេចប្រាប់ឱ្យអគ្គស្នងការជាតិត្រួតពិនិត្យលើហ្វេសប៊ុកដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបែបនេះ។ ដោយឡែកនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុង ស្រុកអង្គស្នួល ខេត្តកណ្ដាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅអ្នកលេងបណ្តាញសង្គមFacebookទាំងអស់ មិនត្រូវយកបញ្ហាសន្តិសុខជាតិមកបង្ហោះលេងដោយគ្មានការអនុញ្ញាតពីក្រសួងការពារជាតិនោះទេ ខណៈបញ្ហានេះមិនមែនជារឿងយកមកលេងសើចនោះឡើយ។
ការលើកឡើងរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលនេះ គឺបានធ្វើឡើងបន្ទាប់ពី មានអ្នកលេងហ្វេសបុកមួយចំនួនតូចបានយកករណីដ្រូន ឬយន្តហោះគ្មានមនុស្សបើកហោះចូលទឹកដីកម្ពុជាដែលជាប់ព្រំដែនវៀតណាម មកភ្ជាប់ជាមួយយន្តហោះពាណិជ្ជកម្មដែលហោះកាត់កម្ពុជាកាលពីកន្លងទៅថ្មីៗនេះ ៕
ដោយ ៖ សិលា