ព័ត៌មានទាន់ហេតុការណ៍៖

ការប្រឈមមុខកាន់តែខ្លាំងក្នុងពេលអឺរ៉ុបអាចយកប្រាក់ដែលបង្កករបស់រុស្ស៊ីទៅកសាងអ៊ុយក្រែនឡើងវិញ

ចែករំលែក៖

សកម្មភាពដែលធ្វើឱ្យរុស្ស៊ីកាន់តែខឹងខ្លាំងឡើងហើយប្រឈមមុខកាន់តែតានតឹង ខណៈដែលមេដឹកនាំសហភាពអឺរ៉ុបកំពុងគាំទ្រផែនការនានាដែលនឹងដកហូតពន្ធលើប្រាក់ចំណេញចេញពីទ្រព្យសកម្មតម្លៃជាង ២០០ពាន់លានអឺរ៉ូ (២១៧ពាន់លានដុល្លារ) របស់ធនាគារកណ្តាលរុស្ស៊ី ដើម្បីជួយដល់ការកសាងឡើងវិញរបស់ប្រទេសអ៊ុយក្រែន ហើយនឹងស្វែងរកការគាំទ្រផ្នែកនយោបាយពីក្រុមប្រទេស G7។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីប្រភពដែលដឹងពីការពិភាក្សានេះថា ក្នុងអំឡុងកិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែលកាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំសហភាពអឺរ៉ុបបានគាំទ្រដល់ការស្វែងរកជម្រើសនានាយ៉ាងប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ទ្រព្យសកម្មរបស់រុស្ស៊ីដែលត្រូវបានដាក់ទណ្ឌកម្ម។
ប្រភពដដែលនេះដែលបានស្នើសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបធ្លាប់បាននិយាយថា លោកស្រីនឹងបង្ហាញផែនការមួយមុនពេលចូលដល់ពេលវិស្សមកាលរដូវក្តៅ ប៉ុន្តែពេលវេលានៃការបង្ហាញផែនការនេះឥឡូវមិនច្បាស់ទេ ដោយសារនៅមានឧបសគ្គដែលត្រូវដោះស្រាយនៅឡើយ។
ទ្រព្យសកម្មរបស់ធនាគារកណ្តាលរុស្ស៊ីដែលត្រូវបានបង្កកនៅសហភាពអឺរ៉ុបត្រូវបានរំពឹងថានឹងបង្កើតប្រាក់ចំណេញបានចំនួន ៣ពាន់លានអឺរ៉ូ។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍នាពេលកន្លងមកថា ទ្រព្យសកម្មជាងពាក់កណ្តាលគឺជាសាច់ប្រាក់ និងប្រាក់បញ្ញើ ខណៈដែលចំនួនភាគច្រើនដែលនៅសល់គឺមូលបត្រដែលនឹងបម្លែងទៅជាសាច់ប្រាក់នៅពេលមូលបត្រទាំងនោះដល់អាយុកាលកំណត់ក្នុងពេល២ ទៅ៣ឆ្នាំខាងមុខ។ មូលនិធិនេះជាច្រើនស្ថិតនៅក្នុងប្រទេសបែលហ្ស៊ិកនៅក្រុមហ៊ុនមូលបត្រ Euroclear Ltd. ដែលបង្កើតប្រាក់ចំណូលបានជិត ៧៥០លានអឺរ៉ូនៅត្រឹមត្រីមាសទីមួយឆ្នាំនេះ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Euronews


ចែករំលែក៖