សហភាពអឺរ៉ុបកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅទីក្រុងបាកដាដ ដែលប្រជាជនអុីរ៉ាក់រាប់ពាន់នាក់បានឆ្លើយតបដោយការប្រមូលផ្តុំនៅជិតស្ថានទូតស៊ុយអែត ដើម្បីតវ៉ាចំពោះការដុតគម្ពីរកូរ៉ាន។
កាលពីថ្ងៃទី ១ ខែកក្កដា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសករណីជនភៀសខ្លួនអ៊ុី
រ៉ាក់នៅប្រទេសស៊ុយអែតដែលបានដុតច្បាប់ចម្លងនៃគម្ពីរកូរ៉ាន ហើយបានសង្កត់ធ្ងន់ថា ត្រូវតែចាត់វិធានការដើម្បីការពារប្រឆាំងនឹងសាសនាអ៊ិស្លាម។
នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយឧបនាយករដ្ឋមន្ត្រីអុីរ៉ាក់ លោក Fuad Hussein លោក Guterres បានបញ្ជាក់ពីតម្រូវការគោរពសហគមន៍អ៊ិស្លាម។ លោកបាននិយាយថាអង្គការសហប្រជាជាតិកំពុងតាមដានយ៉ាងដិតដល់នូវការដុតគម្ពីរកូរ៉ាននៅក្នុងប្រទេសស៊ុយអែត និងប្រតិកម្មពាក់ព័ន្ធនៅក្នុងប្រទេសអុីរ៉ាក់និងពិភពមូស្លីម។
ឧបនាយករដ្ឋមន្ត្រីអុីរ៉ាក់បាននិយាយថា ការដុតគម្ពីរកូរ៉ាននឹងបង្កើននូវបាតុភូតនៃការប្រឆាំងនឹងសាសនាអ៊ិស្លាម មនោគមវិជ្ជាជ្រុលនិយម និងភេរវកម្ម ដោយសាបព្រោះគ្រាប់ពូជសម្រាប់អំពើស្អប់ខ្ពើម និងអំពើហិង្សាក្នុងពិភពលោក។
នៅថ្ងៃដដែល សេវាកិច្ចការបរទេសអឺរ៉ុប (EEAS) បាននិយាយថា សហភាពអឺរ៉ុបថ្កោលទោសការដុតគម្ពីរកូរ៉ាននៅប្រទេសស៊ុយអែត និងជំរុញឱ្យជៀសវាងស្ថានការណ៍កាន់តែតានតឹង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ EEAS បាននិយាយថា “រួមគ្នាជាមួយក្រសួងការបរទេសស៊ុយអែត សហភាពអឺរ៉ុបប្រឆាំងយ៉ាងខ្លាំងចំពោះការដុតគម្ពីរកូរ៉ានដោយបុគ្គលម្នាក់នៅក្នុងប្រទេសស៊ុយអែត។ សកម្មភាពនេះមិនឆ្លុះបញ្ចាំងពីជំហររបស់សហភាពអឺរ៉ុបទាល់តែសោះ។ ឥឡូវនេះជាពេលដែលត្រូវឈរជាមួយគ្នាសម្រាប់ការយោគយល់គ្នា និងគោរពគ្នាទៅវិញទៅមក ហើយដើម្បីការពារកុំឱ្យស្ថានការណ៍កើនឡើង»។
សេចក្តីថ្លែងការណ៍បាននិយាយថា សហភាពអឺរ៉ុបកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅទីក្រុងបាកដាដ ជាកន្លែងដែលប្រជាជនអ៊ុីរ៉ាក់រាប់ពាន់នាក់បានឆ្លើយតបដោយការប្រមូលផ្តុំនៅជិតស្ថានទូតស៊ុយអែត ដើម្បីតវ៉ាចំពោះការដុតគម្ពីរកូរ៉ាន។ សហភាពអឺរ៉ុបបានអំពាវនាវឱ្យស្ងប់ស្ងាត់ និងថ្កោលទោសការវាយប្រហារលើបេសកកម្មការទូត។
ប្រជាជនអ៊ិស្លាមនិងរដ្ឋាភិបាលក្នុងប្រទេសជាច្រើនដែលមានសហគមន៍មូស្លីមបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងបន្ទាប់ពី Salwan Momika ដែលជាជនភៀសខ្លួនអុីរ៉ាក់រស់នៅក្នុងប្រទេសស៊ុយអែត បានដុតបំផ្លាញច្បាប់ចម្លងនៃគម្ពីរកូរ៉ាននៅមុខវិហារអ៊ិស្លាមដ៏ធំបំផុតក្នុងរដ្ឋធានី Stockholm កាលពីថ្ងៃទី ២៨ ខែមិថុនា។ ឧបទ្ទវហេតុនេះបានកើតឡើងនៅថ្ងៃដំបូងនៃពិធីបុណ្យអ៊ិស្លាម Eid al-Adha៕ ដោយ៖ ធីរីណា
រូបថត៖ AFP