សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានស្នើឱ្យក្រុមមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់យកចិត្តទុកដាក់ជាអាទិភាពក្នុងការការពារសុវត្ថិភាពរបស់ប្រជាជននិងទ្រព្យសម្បត្តិ ខណៈភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះទឹកជំនន់និងគ្រោះរអិលបាក់ដី នៅក្នុងប្រទេស។
កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារលើខេត្តភាគខាងត្បូង ភាគកណ្ដាល និងខេត្តភាគខាងជើង ព្រមទាំងតំបន់មួយចំនួនទៀត ដោយបង្ខំឱ្យអាជ្ញាធរចិនជម្លៀសប្រជាជនរាប់ពាន់នាក់ ព្រមទាំងបំផ្លាញស្ពាន រថយន្ដជាច្រើនគ្រឿង និងផ្ទះជាច្រើនខ្នងផងដែរ។ ការអត្ថាធិប្បាយខាងលើរបស់លោក ស៊ី ជិនពីង ត្រូវបានដកស្រង់ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននៅថ្ងៃពុធនេះ និងបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារលើតំបន់ជាច្រើន ក្នុងនោះរួមមានទាំងទីក្រុង ឆុងជីង (Chongqing) ដោយបង្កឱ្យមានមនុស្សស្លាប់និងរងរបួស រួមទាំងការខាតបង់ទ្រព្យសម្បត្តិ។
លោក ស៊ី ជិនពីង បានជំរុញឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ ពង្រឹងកិច្ចសហប្រតិបត្តិការ ការប្រឹក្សាយោបល់ និងការស្រាវជ្រាវក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវវិធានការប្រកាសអាសន្ន និងការព្យាករអាកាសធាតុជាដើម។
បើតាមអាជ្ញាធរឧតុនិយមចិន ភ្លៀងធ្លាក់ខ្លាំងនឹងអាចកើតមាននៅថ្ងៃពុធនេះក្នុងតំបន់និងខេត្តដូចជាតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុង (Inner Mongolia) ខេត្ត លៀវនីង (Liaoning) ខេត្តជីលីន (Jilin) និងខេត្ត ហៃឡុងជាំង (Heilongjian)៕ ដោយ៖ ធីរីណា
រូបថត៖ VTV.VN