ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានផ្ដល់ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួនជាង២០៦គ្រួសារ នៅក្នុងសង្កាត់ទូលសង្កែទី២ ខណ្ឌឬស្សីកែវ ក្រោយពីអាជ្ញាធររាជធានីបានធ្វើការដោះស្រាយវិវាទរហូតបានជោគជ័យ និងឈានដល់ការធ្វើប្លង់កម្មសិទ្ធិស្របច្បាប់ជូនពួកគាត់បានរួចរាល់។
ពិធីប្រគល់ និងទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុខាងលើនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមវត្តមាន លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឯក ឃុនដឿន អភិបាលនៃអភិបាលខណ្ឌឫស្សីកែវ នៅទីស្នាក់ការ រដ្ឋបាលសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ។
លោកឯក ឃុនដឿន ក្នុងឱកាសនោះ បានមានប្រសាសន៍លើកឡើងពីស្ថានភាពទូទៅ នៅក្នុងមូលដ្ឋាន ខណ្ឌឬស្សីកែវ ដោយខណ្ឌនេះ មានប្រជាពលរដ្ឋរស់នៅចំនួន ១៩១២៧២នាក់ ក្នុងនេះ អាជ្ញាធរបានរក្សានូវសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ជាមួយនឹងការបម្រើសេវាជូនប្រជាពលរដ្ឋ តាមរយៈច្រកចេញចូលតែមួយ បានលឿននិងមានតម្លាភាពផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហាដីធ្លី គឺជាបញ្ហាដ៏ស្មុគ ស្មាញមួយ ហើយតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌឫស្សីកែវ បានធ្វើការដោះស្រាយវិវាទដីធ្លីនេះជាបន្តបន្ទាប់ រហូតឈានដល់ការធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនពួកគាត់។ ជាក់ស្ដែង នៅពេលនេះយើងបានប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនបងប្អូនប្រជាពលរដ្ឋនៅសង្កាត់ទួលសង្កែទី២ចំនួន២០៦គ្រួសារ។
លោក សារិន វណ្ណា បានមានប្រសាសន៍ថា៖ ដីខាងលើនេះ ត្រូវបានរដ្ឋលក់ឲ្យ មន្ត្រីរាជការក្រុងភ្នំពេញ ១ឡូត៍ ទំហំ២០គុណនិង៣០ម៉ែត្រ ក្នុងតម្លៃ២៥ម៉ឺនរៀល តាំងពីទសវត្សទី៩០មក។ ក្នុងឆ្នាំ២០០០ ក៏បានកើតឡើងជាវិវាទដីធ្លី ហើយត្រូវបានអាជ្ញាធរនិងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ធ្វើការសម្របសម្រួលនិងដោះស្រាយជាមួយប្រជាពលរដ្ឋជាបន្តបន្ទាប់ រហូតឈានដល់ការបញ្ចប់វិវាទទាំងស្រុង និងបានផ្ដល់កម្មសិទ្ធិស្របច្បាប់ទាំង២០៦គ្រួសារនៅពេលនេះ។ បងប្អូន អាចប័ណ្ណកម្មសិទ្ធិនេះទៅប្រើប្រាស់បាន គ្រប់បែបយ៉ាង ទាំងលក់ទាំងបញ្ចាំនិងការធ្វើអ្វីផ្សេងៗទៀត ដើម្បីបង្កើននូវជីវភាពរស់នៅរបស់បងប្អូន ៕
ដោយ ៖ សំរិត