ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងជំនាញស្រុកសង្កែ ចុះស្រាវជ្រាវបង្រ្កាបនិងឃាត់ខ្លួន រួមនិងវត្ថុតាងជាក់ស្ដែង។ ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងកាលពីយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង២០ និង១០នាទី នៅចំណុចក្រុមទី០៣ ភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង អនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងផ្នែកចរាចរណ៍និងកម្លាំងផ្នែកព្រហ្មទណ្ឌ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វិល នៃអធិការដ្ឋាននគរបាលស្រុក បានចុះប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិផ្ទុះ តាមទីសាធារណៈបង្ក្រាបបានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ ស៊ាង លីន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិតាហែន១ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។
*វត្ថុតាងចាប់យកបានរួមមាន៖
-ក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន០១ថង់ទម្ងន់០,៤៧ក្រាម(ទាំងសំបក) សង្ស័យ មានសារ ធាតុ ញៀន
-ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ បាត់ដំបង 1AH-3513 ដែលមានលេខតួ-លេខម៉ាស៊ីនND 125ME – 9807420។
បច្ចុប្បន្ននេះនគរបាលស្រុកកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ហើយ៕
ដោយ ៖ អរុណរះ