ភ្នំពេញ៖ លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក នៅព្រឹកថ្ងៃច័ន្ទទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំកម្លាំង ប្រារព្ធពិធីគោរពទង់ជាតិរៀងរាល់ថ្ងៃច័ន្ទ និងផ្សព្វផ្សាយផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ដល់មន្រ្តីក្រោមឱវាទ។
ឆ្លៀតក្នុងឱកាសនេះ លោកអធិការខណ្ឌ បានផ្សព្វផ្សាយផែនការរបស់លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីយកទៅអនុវត្តឱ្យទទួលបានជោគជ័យ។
បន្ថែមពីនេះ លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ ក៏បានណែនាំ ដល់កម្លាំងគ្រប់ផ្នែកជំនាញទាំងអស់ត្រូវពង្រឹង និងយកចិត្ដទុកដាក់លើការងារជំនាញរបស់ខ្លួននីមួយៗ ត្រៀមចេញអន្តរាគមន៍ ចេញល្បាតពួនស្ទាក់ក្នុងភូមិសាស្ត្រស្មុកស្មាញ ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ទប់ស្កាត់កុំឲ្យមានបទល្មើសកើតឡើង និងជួយសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះនៅក្នុងមូលដ្ឋាន។ ជាពិសេសផ្នែកសន្ដិសុខ ត្រូវក្ដាប់សភាពការណ៍ឲ្យបានគ្រប់ជ្រុងជ្រោយច្បាស់លាស់ ហើយប្រញ៉ាប់រាយការណ៍។
ជាកិច្ចបញ្ចប់លោកអធិការ បានណែនាំបន្ថែមដល់កម្លាំងទាំងអស់ត្រូវគោរពវិន័យ ត្រូវកាត់សក់ខ្លីជានិច្ច ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យវត្តមានកម្លាំង វេនប្រចាំបញ្ជា ជាពិសេសត្រូវរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនជៀសវាងកើតជម្ងឺផ្សេងៗ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ប្រកាន់ខ្ជាប់ ៣កុំ ៣ការពារ ដើម្បីការពារកូវីដ១៩ ទាំងអស់គ្នា៕
ដោយ៖ ស តារា