ខេត្តព្រះសីហនុ ៖ មន្ដ្រីយោធាម្នាក់ បាញ់រះ៣គ្រាប់ដោយមិនដឹងមូលហេតុ នៅលើភ្នំបុរីវិមានឈ្នះៗ ស្រុកព្រៃនប់ សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន ដោយក្រុមកម្លាំងសមត្ថកិច្ច គ្មានការលើកលែងឡើយ។
សូមបញ្ជាក់ថា ៖ មានមន្ដ្រីយោធាម្នាក់ បានដកកាំភ្លើងខ្លីបាញ់រះចំនួន៣គ្រាប់ដោយមិនដឹងមូលហេតុ នៅចំណុចលើភ្នំបុរីវិមានឈ្នះៗ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយគេចខ្លួនបាត់។ ដោយឡែកក្រុមសមត្ថកិច្ចមូលដ្ឋាន ក៏មកកាន់កន្លែងកើតហេតុភ្លាមៗ ប៉ុន្តែជនបង្កបាញ់រួចក៏គេចខ្លួនបាត់ស្រមោល ហើយហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង៧យប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។
ប្រភពព័ត៌មានខ្លះ បានឲ្យដឹងថា ដើមឡើយមានប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចថា លឺសូរសំឡេងផ្ទុះអាវុធចំនួន៣គ្រាប់ នៅទីតាំងខាងលើ ភ្លាមនោះកម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបិតត្រាំង បានចុះទៅដល់កន្លែងកើតហេតុ បានប្រទះឃើញសំបកកន្ទុះចំនួន២គ្រាប់ មានចម្ងាយប្រហែល១០ម៉ែត្រពីគ្នា និងសាកសួរប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ ដោយកំណត់អត្តសញ្ញាណមុខសញ្ញាជនសង្ស័យបង្ក។
បើតាមសេចក្ដីរាយការណ៍, ជនសង្ស័យបង្កបានបើកបររថយន្តឡង់គ្រីស័រពណ៌ស១គ្រឿង និងមានមនុស្សប្រហែល១០នាក់ដើរមកជាមួយ បានសួរកម្មករកំពុងលើកដាក់ដែក សួររួចក៏ចេញទៅវិញបានបន្តិចក៏ផ្ទុះអាវុធចំនួន៣គ្រាប់ រួចក៏បើកបរចូលផ្ទះនៅខាងក្រោមកន្លែងកើតហេតុបាត់ទៅ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកជនបង្ក ដើម្បីបន្តនីតិវិធី ។
មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋបានលើកឡើងថា : សម័យនេះ មានសន្តិភាព ប្រទេសជាតិគ្រប់គ្រងដោយច្បាប់ ជនបង្កទោះជាប្រឹងរត់ទៅដល់ក្រហែងមេឃណា ក៏ដោយ ពិតណាស់ ! មិនអាចគេចខ្លួនពីការប្រមាញ់ ស៊ើបអង្កេត ស្រាវជ្រាវ របស់សមត្ថកិច្ចឡើយ។
ប្រជាពលរដ្ឋគាំទ្រ ចំពោះវិធានការរបស់សមត្ថកិច្ច តែងយកចិត្តទុកដាក់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋ ៕
ដោយ ៖ សហការី