ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការងារ​ ៖​ រាជរដ្ឋាភិបាលនិងផ្ដល់ប្រាក់ឧបត្ថម្ភកម្មករក្នុងវិស័យកាត់ដេរ ចំនួនជាង៦៨០០នាក់​ នៃរោងចក្រចំនួន២១

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២៣នេះ​ បានជូនដំណឹងមួយប្រាប់ដល់បងប្អូនកម្មករនិយោជិតចំនួន ៦ ៨២៤នាក់ នៃរោងចក្រ ទាំង២១ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែលទទួលរងផលប៉ះពាល់ដោយសារវិបត្តិ សេដ្ឋកិច្ចនឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលជាលើកទី៣។

     យោងតាមសេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់ឱ្យដឹងថាកម្មករនិយោជិតដែលនឹងបានទទួលប្រាក់ឧបត្ថម្ភនេះ ធនាគារ វីង នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលពួកគេបានផ្ដល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ នាពេលកន្លងមក។

    សម្រាប់ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្ដល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖៨១ ០០០រៀល (២០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១៤ថ្ងៃ។ចំពោះ ១៦២ ០០០រៀល (៤០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១៥ថ្ងៃ ដល់ ១ខែ។

     ជាមួយគ្នានេះក្រសួងការងារបានរំឮកដែរថា ធនាគារ វីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូន ខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ២១ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារ វីង (ខេមបូឌា) ម.ក។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។ សូមបញ្ជាក់ថា បងប្អូនមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ ឧបត្ថម្ភនេះ។

     ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រទាំង២១ នេះ មិនបានទទួលសារទូរសព្ទពីធនាគារ វីង នោះ​ សូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួនទៅរដ្ឋបាលរោងចក របស់ខ្លួន។ ក្រសួងនឹងបន្តជូនដំណឹងដល់បងប្អូនកម្មករនិយោជិតរោងចក្រដទៃផ្សេងទៀត ដែលទីទួលបានការអនុញ្ញាត ព្យួរកិច្ចសន្យាការងារអំពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភនេះ៕

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖