ភ្នំពេញ ៖ នាយនគរបាលមួយរូប ដែលគេដឹងថា លោកវរសេនីយ៍ត្រី ប៉ែន នុត នាយផ្នែកសន្តិសុខនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានស្ត្រីម្នាក់បង្ហោះតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកអំពីសកម្មភាពរបស់នាយនគរបាលរូបនេះ ប្រើអំពើហិង្សា ជេរប្រមាថ និងការប្រតាយប្រតប់គ្នាជាវីដេអូឃ្លីប និងរូបដែលមានស្លាកស្នាមនៅលើដងខ្លួន។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ គណនី facebook មួយដែលមានឈ្មោះថា (ប្រាក់ណុប តាកែវ) បានបង្ហោះអំពីសកម្មភាពនេះដោយបញ្ជាក់យ៉ាងដូច្នេះថា : (ល្បីទៀតហើយម្ដងនេះមកមួយឈុតធំតែម្ដង ប៉ែន នុត ជាប៉ូលិសនៅខណ្ឌកំបូល គាត់បានវ៉ៃធ្វើបាបខ្ញុំប្រើអំពើហិង្សាលើនាងខ្ញុំ ទាំងគាត់ជាអ្នកច្បាប់ សូមបងប្អូនជួយស៊ែរអោយថ្នាក់លើបានឃើញផង🙏🙏🥺 {ប្រភពហ្វេសប៊ុក} ។
ពាក់ព័ន្ធក្នុងករណីនេះ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត ” មិនអាចធ្វើការទាក់ទងសុំការបំភ្លឺបានទេពីភាគីទាំងសងខាង ខណៈគ្មានលេខទូរស័ព្ទ ។ ប៉ុន្តែមានដំណឹងថា ស្ត្រីដែលត្រូវបានរងនូវអំពើហិង្សា ពេលនេះកំពុងស្ថិតនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល អាចគាត់ដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់។
សូមជម្រាបជូនថា : គេពុំទាន់ដឹងថា ស្ត្រីរងគ្រោះជាភរិយាឬជាអ្នកដទៃ និងមានទំនាក់ទំនងគ្នាបែបណានោះទេ ទើបឈានដល់មានអំពើហិង្សាកើតឡើង ។ ម្យ៉ាងវិញទៀតបើរឿងជីវិតគ្រួសារឯកជន វិជ្ជាជីវៈអ្នកសារព័ត៌មានក៏មិនអាចផ្សព្វផ្សាយ ប៉ុន្តែករណីនេះជាអំពើហិង្សា ដែលប្រឈមមុខចំពោះមុខច្បាប់ ។
នាយនគរបាលមួយរូបនៅខណ្ឌកំបូល ដែលត្រូវជាមេកោយរបស់លោកវរសេនីយ៍ត្រី ប៉ែន នុត នាយផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាល ខណ្ឌកំបូល រាជធានីភ្នំពេញផងដែរបាននិយាយថា លោកនាយផ្នែករូបនេះមានរឿងច្រើនកន្លងមកហើយ ! តែបញ្ហាអញ្ចឹងអប់រំមិនស្ដាប់ …។ ដូចជាករណីនេះផងដែរ ថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលខណ្ឌកំបូលក៏បានរាយការណ៍ជូនស្នងការរងទទួលបន្ទុករួចរាល់ហើយដែរ។
ពាក់ព័ន្ធក្នុងករណីនេះ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេពីលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ។
ចំពោះព័ត៌មានលម្អិត អង្គភាពមជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” នឹងបន្តផ្សាយជូននៅពេលក្រោយ ៕
ដោយ ៖ រ៉ារ៉ា