ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ស៊េរីទំនើបGreat Wall ពាក់ផ្លាកលេខ​ខេមរភូមិន្ទ​ បុករថយន្ត​ Prius នៅ​ផ្លូវបំបែកជាបួនរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់​និងនារី២នាក់ទៀតរួមដំណេីរជាមួយគ្នា​បានបេីករថយន្តស៊េរីទំនើបម៉ាកGreat Wallមួយគ្រឿង​ មិនប្រយ័ត្នបានជ្រុលទៅបុករថយន្តម៉ាក​ Toyota Prius នៅផ្លូវបំបែកជាបួន​ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ​ ដែលបង្កឡេីងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៣២កែងផ្លូវលេខ១០៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

​    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Toyota Prius ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AB-7371បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៣២​ ក្នុងទិសដៅពីលិចទៅកើតនិងឆ្លងកាត់ផ្លូវបំបែកជាបួន​ ខណៈបើកឆ្លងដល់ពាក់កណ្តាលផ្លូវ​ ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក GreatWallមួយគ្រឿងពាក់ផ្លាកលេខ ខេមរភូមិន្ទ 01 2.8282បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនារី២នាក់ទៀតធ្វើដំណើរចេញពីផ្លូវលេខ១០៥ ពីជើងមកត្បូងក្នុងល្បឿនលឿននិងមិនប្រយ័ត្នបានជ្រុលចង្កូតទៅបុកចំពីចំហៀងខាងឆ្វេងរថយន្ត Prius បណ្ដាលឱ្យខូចខាតថ្ពាល់និងទ្វារយ៉ាងដំណំ ចំណែករថយន្តបង្កវិញក៏ខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរផងដែរ​តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡេីយ​ ។ 

​    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់​ ដោយឱ្យភាគីទាំងសងខាងធ្វេីការសម្រួលគ្នា​មួយជំហាន​ ។ ចុងក្រោយភាគីរថយន្តបង្កស៊េរីទំនើប​ GreatWall ព្រមសងថ្លៃខូចខាតទៅលើរថយន្ត Prius ចំនួន២០០ដុល្លារដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងកេីតហេតុតែម្ដង​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖