ក្រុមមាន់ខ្នាយមាស Tottenham Hotspur នៃក្របខ័ណ្ឌ Premier League របស់អង់គ្លេសនឹងត្រូវប៉ះជាមួយក្រុម Lion City Sailors នៃលីកកំពូលសិង្ហបុរី នៅថ្ងៃទី២៦ ខែកក្កដា នៅពហុកីឡដ្ឋានជាតិសិង្ហបុរី។ ក្រុម The Sailors នឹងជំនួសក្លិប AS Roma របស់ Serie A ដែលគ្រោងនឹងជួបជាមួយ Spurs ពីដំបូង។
សារព័ត៌មាន TEG Sport បានចេញផ្សាយកាលពីថ្ងៃពុធ ទី១២ ខែកក្កដាថា ការផ្លាស់ប្តូរកាលវិភាគគឺដោយសារតែជើងហោះហើរនៃដំណើរទេសចរណ៍របស់ក្លិប AS Roma មិនដំណើរការដូចការគ្រោងទុក ហើយក្លិបត្រូវតែរៀបចំផែនការមុនរដូវកាលរបស់ខ្លួនឡើងវិញ។
លោក Geoff Jones នាយកប្រតិបត្តិ TEG Sport បាននិយាយថា “យើងពិតជារំភើបដែល Lion City Sailors ក៏នឹងជាផ្នែកនៃសកម្មភាពនៅលើទីលានផងដែរ”។ ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា អ្នកកាន់សំបុត្រដែលមានកៅអីនៅក្នុងផ្នែកនៃក្លិប Roma សម្រាប់ការប្រកួតនៅថ្ងៃទី២៦ ខែកក្កដា នឹងត្រូវសងវិញដោយស្វ័យប្រវត្តិ។ សំបុត្រប្រកួតដែលមានស្រាប់ផ្សេងទៀតនៅតែមានសុពលភាព ប៉ុន្តែអ្នកកាន់សំបុត្រប្រកួតអាចស្នើសុំការបង្វិលសងវិញនៅត្រឹមម៉ោង១២យប់ថ្ងៃទី២១ ខែកក្កដា។
ប្រធានក្រុម Lion City Sailors លោក Forrest Li បាននិយាយថា “ការលេងជាមួយក្រុមដូចជា Spurs នឹងផ្តល់ឱ្យក្រុម Sailors នូវឱកាសមួយដើម្បីរៀបចំឱ្យកាន់តែប្រសើរឡើងសម្រាប់ការប្រកួត AFC Champions League ដ៏រឹងមាំ ហើយថែមទាំងផ្តល់នូវការយកចិត្តទុកដាក់ចំពោះអ្នកគាំទ្រក្លិបរបស់យើងផងដែរ។ Spurs គឺជាក្លិបដែលមានការគាំទ្រយ៉ាងល្អនៅក្នុងប្រទេសសិង្ហបុរី ហើយយើងរំពឹងថាអ្នកគាំទ្ររបស់ពួកគេជាច្រើននឹងមក។ យើងសង្ឃឹមថាការប្រកួតនឹងផ្តល់ឱ្យអ្នកគាំទ្ររបស់ Spurs បង្ហាញឱ្យឃើញពីកីឡាបាល់ទាត់ក្នុងស្រុក និងជំរុញឱ្យមានចំណាប់អារម្មណ៍ខ្លះនៅក្នុងលីកបាល់ទាត់ក្នុងស្រុករបស់យើង”។
លោក Donna-Maria Cullen នាយកប្រតិបត្តិរបស់ក្លិប TottenhamHotspur បាននិយាយថា “ការប្រកួតជាមួយក្រុម Lion City Sailors នឹងក្លាយជាបទពិសោធន៍ដ៏ល្អសម្រាប់អ្នកគាំទ្ររបស់យើងក្នុងការឃើញពួកយើងលេងជាមួយក្រុមឈានមុខរបស់សិង្ហបុរីនៅពហុកីឡដ្ឋានជាតិប្រទេសនេះ“។
ការប្រកួតរវាង Spurs និង Sailors គឺជាផ្នែកមួយនៃកម្មវិធី Singapore Festival of Football ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា។ ព្រឹត្តិការណ៍នេះត្រូវបានគាំទ្រដោយក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី។ ការប្រកួតផ្សេងទៀតក្នុងអំឡុងពេលព្រឹត្តិការណ៍រួមមានការប្រកួតរបស់ Liverpool ទល់នឹង Bayern Munich, ទល់នឹងLeicester City ផងដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ CNA)