ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ប្រសាសន៍សំខាន់ៗ​ឱកាសអញ្ជើញសម្ពោធវិមានរំលឹកដល់អ្នក​ទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១

ចែករំលែក៖

ភ្នំពេញ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋទូតបារាំងប្រចាំ​នៅ​កម្ពុជា លោក​ ហ្សាក់ ប៉ឺ​ឡេ​ (J​a​cqu​e​s ​Pellet​) នៅព្រឹកថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញសម្ពោធដាក់​វិមាន​រំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្តេចតេជោ ហ៊ុន សែន​ មានដូចខាងក្រោម​៖

-សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចមានសេចក្តីរីករាយជាអនេក ដែលបានមកចូលរួម ពិធីសម្ពោធ «វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាម លោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨» ដែលសម្តេចបានប្រកាស ជាសាធារណៈអំពីការសម្រេចចិត្តសាងសង់វិមាននេះឡើងវិញ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅវិមានអេលីហ្សេ (Elys-e) ជាមួយលោក អេមម៉ានូអែល ម៉ាក្រុង (H.E. Emmanuel Macron) ប្រធានាធិបតីបារាំង ក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំ កាលពីថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ ២០២២ ដើម្បីបង្ហាញនូវសាមគ្គីភាពមិត្តភាព កិច្ចសហប្រតិបត្តិការជា​ប្រវត្តិ​សាស្រ្តរវាង​ប្រទេសទាំង២ បារាំង-កម្ពុជា។

-សម្តេចតេជោ ថ្លែងថា ការសម្ពោធវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនស្ម័គ្រចិត្តខ្មែរ និងបារាំងទាំង១៩៨ នាក់ ដែលបានពលីជីវិតក្នុងសង្រ្គាមលោក ចន្លោះពីឆ្នាំ ១៩១៦ ដល់ឆ្នាំ ១៩១៨ គឺជាការដាស់តឿនកុលបុត្រខ្មែរ ដែលជាទំពាំងស្នងឫស្សីគ្រប់រូប ឱ្យស្គាល់តម្លៃនៃសន្តិភាព ដែលជាគុណតម្លៃសកលនៃមនុស្សជាតិ ហើយត្រូវចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់នូវគ្រប់ឧបាយកល ដែលបង្កឱ្យមានសង្រ្គាម និងអស្ថិរភាពសង្គម ជាពិសេសត្រូវសាមគ្គីគ្នា ថែរក្សាសន្តិភាពនេះឱ្យនៅស្ថិតស្ថេរយូរអង្វែងច្រើនជំនាន់ តរៀងទៅដើម្បីភាពរីកចម្រើនរុងរឿងនៃប្រទេសជាតិ។

-សម្តេចតេជោ ថ្លែងអំណរគុណលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានស្នើសម្តេច ដើម្បីសាងសង់វិមាននេះឡើងវិញ នៅលើទីតាំងដដែល ដោយយកតាមលំនាំដើមរបស់លោក ប៉ូល ឌុយក្វាំង (Paul Ducuing) ដែលជាអ្នករចនាវិមាននេះ កាលពីឆ្នាំ ១៩២៥។ សម្តេចតេជោ ថ្លែងថា ការសម្ពោធនូវវិមាននេះ ធ្វើឡើងចំថៃ្ងនៃបុណ្យជាតិបារាំង។ 

-សម្តេចតេជោ ប្រកាសផ្តល់ការអនុញ្ញាតជូនស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងទុកជាប្រយោជន៍ ក្នុងការប្រើប្រាស់វិមាននេះ ដើម្បីរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ ថ្ងៃបញ្ចប់សង្រ្គាមលោកលើកទី ១ និងពិធីផ្សេងៗទៀតផងដែរ។

-សម្តេចតេជោ ថ្លែង​អំពាវនាវដល់ពលរដ្ឋបារាំងអញ្ជើញមកលេងកម្សាន្តនៅកម្ពុជា ព្រមទាំងអុជធូបនៅវិមានអ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១។

-សម្តេចតេជោ ថ្លែងថា ការសាងសង់វិមាននេះ ធ្វើឱ្យរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលនយោបាយសេដ្ឋកិច្ច និងវប្បធម៌ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានវ័យចំណាស់ ៥៨៩ឆ្នាំ មកហើយនោះ ក្លាយជារាជធានីប្រវត្តិសា្រស្ត ប្រកបដោយមោទនភាពជាមួយនឹង បេតិកភណ្ឌវប្បធម៌ដ៏គួរឱ្យចងចាំសម្រាប់មនុស្សគ្រប់ជំនាន់។

-សម្តេចតេជោ ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំអភិវឌ្ឍសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ក្នុងនោះបណ្តាញផ្លូវក្រុង សួន និងសំណង់សាធារណៈ រួមមានសំណង់បេតិកភណ្ឌ សំណង់ប្រវត្តិសាស្រ្ត និងទីតាំងបុរាណនានា ដោយបានរំលេចនូវវប្បធម៌ ប្រពៃណី និងអរិយធម៌ ជាមួយនឹងការការពារ ការអភិរក្ស និងការ ស្ថាបនាឡើងវិញនូវរូបសំណាកបដិមា ឬ សំណង់បេតិកភណ្ឌវប្បធម៌ នៅតាមសួន និងទីតាំងសាធារណៈ។

-សម្តេចតេជោ ប្រកាសប្រគល់សមិទ្ធផលថ្មីដ៏មានអត្ថន័យនេះជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រង និង ថែរក្សាហើយវិមាននេះ នឹងបង្កើននូវសោភណភាព និងបរិស្ថាន ទីក្រុងល្អ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងរាជធានីភ្នំពេញ។

-សម្តេចតេជោ បន្តអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃអាទិត្យ ទី២៣ កក្កដា ខាងមុខនេះដើម្បីជ្រើសរើស គណបក្សនយោបាយ និងមេដឹកនាំប្រទេស ដែលស្រឡាញ់ពេញចិត្ត និងជឿជាក់ថា ពិតជាគណបក្សដែលដឹកនាំធ្វើឱ្យប្រជាជនរស់នៅក្នុងសុខសន្តិភាព ភាពសុខដុមរមនាគ្រប់ជាតិសាសន៍ មានការអភិវឌ្ឍលើគ្រប់វិស័យជាមួយនឹងភាពសម្បូរសប្បាយរុងរឿង ជូនប្រទេសជាតិ និងប្រជាជន ទាំងបច្ចុប្បន្ន និងអនាគត។ 

-សម្តេចតេជោ ថ្លែងថា ឥទ្ធិពលនៃសុខសន្តិភាពបានធ្វើឱ្យរាជរដ្ឋាភិបាលសម្រេចបាន សមិទ្ធផលថ្មីៗជាច្រើនគួរជាទីមោទនៈ ជាពិសេសការធានាការពារ បូរណភាពទឹកដី ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់តាមបែប ប្រជាធិបតេយ្យ តាមរយៈការអនុវត្តន៍នយោបាយការបរទេសដោយឯករាជ្យ ផ្អែកលើច្បាប់និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និងទី ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងឋានៈកម្ពុជា ជាប្រធានអាស៊ាន។

សូមជម្រាបជូនថា​ វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ស្ថិតនៅចំណុចប្រសព្វ នៃមហាវិថីព្រះមុនីវង្ស វិថីប្រទេសបារាំង និងរង្វង់ មូលកាំភ្លើងកួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

វិមានខាងលើនេះ ត្រូវបានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩២៥ ដើម្បីជាការរំលឹកអនុស្សាវរីយ៍ទាហានខ្មែរ និងបារាំង ដែល បាន ពលី ជីវិត នៅក្នុងសង្គ្រាមលោកលើកទី១ និងអនុស្សាវរីយ៍នៃការតស៊ូ រួម គ្នា រវាង ទាហានខ្មែរ និងបារាំង ក្នុងការដណ្តើមយកជ័យជម្នះលើប្រទេសអាល្លឺ ម៉ង់ ដោយមានការយាងចូលរួមពីព្រះករុណាព្រះបាទស៊ីសុវត្ថិ, ព្រះអង្គម្ចាស់ មុនីវង្ស លោក Martial Merlin ទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន និង លោក François Baudoin រេស៊ីដង់ជាន់ខ្ពស់បារាំងប្រចាំកម្ពុជា។ 

នៅឆ្នាំ១៩៧៥ វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាម លោក លើក ទី១ ត្រូវបានខ្មែរក្រហមដាក់គ្រាប់បែកបំផ្ទុះរូបសំណាកធ្វើឱ្យបែកបាក់ នៅសល់តែបំណែកតិចតួចខ្លះដូចជាក្បាលដំរី តោ នាគ និងតួកណ្តឹង ដែល ត្រូវ បានយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។

វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ត្រូវបាន អនុញ្ញាត ឱ្យស្ថាបនាឡើងវិញ តាមសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមសំណើរបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង បានប្រកាសជាឱឡារិកក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង នៅវិមានអេលីហ្សេ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនាទីក្រុងប៉ារីស ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២២។

វិមានត្រូវបានសាងសង់ឡើងវិញ ដោយលោកបណ្ឌិតស្ថាបត្យករ លី រស្មី រដ្ឋ លេ ខាធិការ ក្រសួង រៀប ចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយសហការ អនុវត្ត ជា មួយក្រសួងវប្ប ធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលរាជធានីភ្នំពេញ។ វិមាននេះ ត្រូវបានសាងសង់ដោយរក្សាតាមលំនាំដើមរបស់ លោក Paul Ducuing។ 

លោកបណ្ឌិតស្ថាបត្យករ លី រស្មី បានឱ្យដឹងថា វិមានរំលឹកដល់អ្នក ដែល ទទួល អនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ គឺជាស្ថា បត្យ កម្មសហរចនាបថ ដោយរួម បញ្ចូលនូវផ្នត់គំនិត ស្ថាបត្យកម្ម បុរាណ ខ្មែរ ជា ច្រើនសម័យកាល តាំងពីសម័យ អង្គរដល់សម័យក្រោយអង្គរ។ ចំណុច ពិសេស បំផុតនោះគឺ វិមាននេះមាន ទស្សនៈ មួយ ភាគធំដូចគ្នាទៅនឹង ប្រាសាទ នាគព័ន្ធ ដែលមាននាគ ដំរី និងតោ សុទ្ធតែនៅជ្រុងអនុទិសដូចគ្នា។

លោកបណ្ឌិតស្ថាបត្យករ លី រស្មី បានគូសរំលេចផងដែរថាការសាងសង់វិមាន នេះឡើងវិញ ឈរលើគុណតម្លៃចំនួនពីរ។ ទីមួយជាការរំលឹកដល់វីរភាព ដ៏ហានក្លារបស់យុទ្ធជនខ្មែរ និងបារាំងដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១ ឈ្មោះរបស់ បុគ្គលដ៏គួរឱ្យគោរពទាំងអស់នោះ ត្រូវបានចារឹកលើផ្ទាំងថ្ម ដ៏រឹង មាំ ស្ថិតស្ថេរអស់កាលជាយូរអង្វែងតរៀងទៅ។និងមួយទៀត ជាការបន្តប្រពៃណីទំនៀមទម្លាប់របស់ខ្មែរផង ជាការ យកចិត្តទុកដាក់របស់រដ្ឋាភិបាលបារាំង និងព្រះរាជាខ្មែរផង ដើម្បីធ្វើឱ្យ ក្រុមគ្រួសារយុទ្ធជន ដែលបានពលីជីវិតក្នុងសង្គ្រាមមានភាពកក់ក្ដៅក្នុងចិត្ត ហើយក៏ជាការរៀបចំឱ្យសម នឹងស្នាដៃកិត្តិយសរបស់វីរជនទាំងអស់នោះផងដែរ។

វិមាននេះមានកម្ពស់សរុប ១២,៣០ ម៉ែត្រ ក្នុងនោះខឿនកម្ពស់ ១,៧០ម៉ែត្រ, ជើងកោសកម្ពស់ ៣,២០ម៉ែត្រ, តួកណ្តឹងធ្វើពីស្ពាន់កម្ពស់ ៤,៦០ម៉ែត្រ និងរូបបដិមាទាហានខ្មែរ និងបារាំង កម្ពស់ ២,៨០ម៉ែត្រ៕

ដោយ​៖ ស​ តារា​


ចែករំលែក៖