ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ប្រជាពលរដ្ឋចំនួន ១២នាក់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានអាការៈក្អួតចង្អោរ ចុកពោះ និងរាគ សង្ស័យពុលមីឆា

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ យ៉ាងហោចមនុស្សចំនួន១២នាក់ក្នុងនោះរួមទាំងកុមារតូចផងដែរ រស់នៅឃុំចំនួន២នៃស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងមានអាការៈក្អួតចង្អោរ ចុកពោះ និងរាគ ក្រោយបានទទួលទានមីឆាអ្នកលក់តាមរទេះរួច។

សេចក្តីរាយការណ៍ពីអធិការនគរបាលស្រុកកំពង់លែង លោកវរ:សេនីយ៍ឯក ប៉ាល់ ជឿន បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ២០២៣នេះថា មានពលរដ្ឋក្មេងចាស់ប្រុស-ស្រីចំនួន ១២នាក់មានរោគសញ្ញាស្រដៀង គ្នា គឺចុកពោះ រាគ ក្អួតចង្អោរ និងអស់កម្លាំង ក្រោយបានទទួលទានមីឆា ដែលគេរុញរទេះដើរលក់តាមផ្លូវក្នុងភូមិ។ ហេតុការណ៍ពុលនេះ បានកើតឡើងកាលឡើងពីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ លើពលរដ្ឋដែលមានទីលំនៅក្នុងភូមិ ក្រងផ្តិល ឃុំប្រឡាយមាស និង ភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ។ ពលរដ្ឋដែលមានអាការៈពុលទាំង១២នាក់នោះ រួមមានស្រី ៥នាក់ មានអាយុចាប់ពីអាយុ ១៨ខែ ដល់ ៦៥ឆ្នាំ និងត្រូវក្រុមគ្រួសារ អាជ្ញាធរមូលដ្ឋានបញ្ជូនមកមន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះជីវិត ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ពលរដ្ឋរងគ្រោះទាំងនោះសុទ្ធតែបរិភោគមីឆា ដែលអ្នកលក់បានយកមីប្រភេទសរសៃមូល ឬមីកញ្ចប់ជាដើម របស់អ្នកលក់ជាស្រ្តីវ័យ ៧០ឆ្នាំឈ្មោះ មូល សុន រស់នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ដែលរុញរទេះដើរលក់នៅតាមភូមិ។

ក្រោយកើតហេតុនេះ សមត្ថកិច្ចនគរបាលមូលដ្ឋានបានប្រមូលសរសៃមីដែលនៅសល់យកមកវិភាគរកមូលហេតុអោយបានច្បាស់លាស់។ ចំណែកស្ត្រីដែលជាអ្នក លក់មីឆា ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ឃាត់ខ្លួនរង់ចាំការសម្រេចពីថ្នាក់លើ។

ចំណែកអ្នកជំងឺទាំងអស់ត្រូវគេរាយការណ៍ថា នៅថ្ងៃទី ១៤ កក្កដា ២០២៣នេះក្រុមគ្រូពេទ្យបង្អែកកំពុងសង្គ្រោះព្យាបាល នៅក្នុងអគារសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងអាការៈមានភាពល្អប្រសើរឡើងវិញបណ្តើរៗហើយ និងមិនមានប៉ះពាល់ដល់អាយុជីវិតពលរដ្ឋណាម្នាក់ឡើយ ៕

ដោយ៖ សូរិយា


ចែករំលែក៖