ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល៦ខែនៃឆ្នាំ២០២៣កម្ពុជានាំចេញទំនិញទៅថៃមានទំហំជាប្រាក់ជាង ៥២៧ លានដុល្លារកើនឡើង ៦,៥ ភាគរយ

ចែករំលែក៖

ភ្នំពេញ៖ កម្ពុជាបាននាំទំនិញក្នុងទឹកប្រាក់ជាង ៥២៧ លានដុល្លារទៅទីផ្សារប្រទេសថៃក្នុងឆមាសទី១ ឆ្នាំ ២០២៣ កើនជាង ៦ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២២ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជិត ២ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ទិន្នន័យនេះ បង្ហាញទៀតថា ចាប់ពីខែមករា ដល់ ខែមិថុនា ឆ្នាំ២០២៣ ទំនិញដែលកម្ពុជាបាននាំចេញទៅប្រទេសថៃ មានចំនួន ៥២៧ លានដុល្លារ កើនឡើង ៦,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ខណៈកម្ពុជានាំចូលទំនិញពីថៃមកវិញមានចំនួនជាង ១ ៤៤៧ លានដុល្លារ ធ្លាក់ ១៩,៦ ភាគរយពីចំនួន១ ៨០១ លានដុល្លារ។

ទិន្នន័យដដែល បង្ហាញទៀតថា ដោយឡែក ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ក្នុងអំឡុងពេលនេះ មានចំនួន ១ ៩៧៥ លានដុល្លារ ធ្លាក់ចុះ ១៤ ភាគរយ ពីចំនួនជាង ២ ២៩៧លានដុល្លារ។

លោក ឧញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ទំនិញកម្ពុជាបាននាំចេញទៅប្រទេសថៃមានការកើនឡើងនេះគឺភាគច្រើនជាផលិតផលកសិកម្ម ដូចជា ពោត សណ្តែក ដំឡូងមី និងដំណាំរួមផ្សំផ្សេងៗទៀត។

លោកឧញ៉ា មានប្រសាសន៍ថា៖«ដូច្នេះ ការកើនឡើងនេះគឺយើងឃើញថា ផលិតផលកសិកម្ម ក៏ដូចជា ផ្ទៃដី [កសិកម្ម] ហេដ្ឋារចនាសម្ព័ន្ធរបស់យើងកាន់តែរីកទូទាំងប្រទេស ហើយដីដែលទុកចោលនាពេលកន្លងមកបានក្លាយជាដីកសិកម្ម អីចឹង ផលិតផលកសិកម្មមានការកើនឡើងរៀងរាលឆ្នាំ ដែលថ្នាក់នាំរាជរដ្ឋាភិបាលបានកំណត់គោលដៅយុទ្ធសាស្រ្តជាច្រើន ដូចជា ការនាំចេញអង្ករបានឱ្យបានចំនួន ១លានតោន កំណត់នាំចេញគ្រាប់ស្វាយចន្ទីរ ក៏ដូចជា នៅតំបន់សេដ្ឋកិច្ចពិសេស ដែលជាពោលទី៤ ផ្តោតសំខានទៅលើផលិតផលកសិកម្មនៅខាងភូមិភាគពាយ័ព្យដែលជាប់ព្រំដែនថៃ»។

ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញទៀតថា ក្នុងឆ្នាំ២០២២ ការដោះដូរទំនិញទ្វេភាគីកម្ពុជា-ថៃ មានទឺកប្រាក់សរុបជាង ៤ ៦៦៤ លានដុល្លារ កើនឡើង ១៤,២ ភាគរយ បើធៀបនឹងឆ្នាំ២០២១។ ក្នុងនោះ កម្ពុជា នាំទំនិញទៅទីផ្សារប្រទេសថៃជាង ៨៣១លានដុល្លារ កើនឡើង ៣៤,១ ភាគរយ និងកម្ពុជានាំចូលមកវិញមានចំនួនជាង ៣៨៣២ លានដុល្លារ កើនឡើង ១០,៧ ភាគរយ៕

ដោយ៖ សូរិយា


ចែករំលែក៖