ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ទៀត មុខសញ្ញាគប់កញ្ចក់ឡាននៅផ្លូវជាតិលេខ៤

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដឹកនាំដោយវរសេនីយ៍ឯក សាយ ប៊ុនថន ជាអធិការ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានស្រាវជ្រាវមុខសញ្ញាគប់កញ្ចក់រថយន្តពេលយប់និងបានឃាត់មុខសញ្ញាឈ្មោះ ឆាង ធារ៉ា ហៅង៉ែត ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគិរីវ័ន ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។

   មុខសញ្ញាខាងលើបានសារភាពថា ខ្លួនពិតជាបានយកដុំថ្មគប់ទៅលើរថយន្ដមួយគ្រឿងមិនស្គាល់ម៉ាកនៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៥៨-៥៩ ចំណុចស្ពាន ស្ថិតក្នុងភូមិព្រៃស្តុក ឃុំមហាសាំង ស្រុកភ្នំស្រួច កាលពីយប់ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២៣។ 

    តាមសេចក្តីរាយការណ៍ពីអ្នកបើកបររថយន្ដឈ្មោះ ញៀន ឋានសួគ៌ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិក្រាំងស្ពឺ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្ដឹងមកសមត្ថកិច្ចថា នៅវេលាយប់នោះ មានជនសង្ស័យម្នាក់មានភិនភាគសម្បុរស សក់បះៗ ឈរដោះអាវ រួចបានយកវត្ថុរឹងចោលមកលេីរថយន្ដរបស់ខ្លួនដែលបើកបរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៥៨-៥៩ ត្រង់ចំណុចស្ពានឃុំមហាសាំង។ 

    មុខសញ្ញាដែលធ្វើសកម្មភាពយកដុំថ្មគប់ទៅលើរថយន្តជាមនុស្សប្រើប្រាស់គ្រឿងញៀន ហើយក្រោយការប្រើប្រាស់ បុគ្គលនេះមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាននោះទេ។ 

    ករណីខាងលើនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញកំពុងឃាត់ខ្លួនសាកសួរនិងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដដើម្បីបន្ដនីតិវិធី៕ 

ដោយ៖ សហការី


ចែករំលែក៖